សមិទ្ធផលថ្មីក្នុងវិស័យអប់រំ ដែលមានតម្លៃប្រមាណ២៦ម៉ឺនដុល្លារ រួមមានអគារសិក្សា១ខ្នង កម្ពស់២ជាន់ ស្មើនឹង១០បន្ទប់ និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សាពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបម្រើដល់ការសិក្សារបស់ក្មួយៗសិស្សានុសិស្ស។
អគារសិក្សានេះ គឺជាអំណោយដ៏ថ្លៃថ្លា ដែលបានមកពីសប្បុរសធម៌ និងការសហការរួមគ្នាពី៖ លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វ័យ័តក្រុងភ្នំពេញ, មូលនិធិបម្រើឱ្យផលប្រយោជន៍សង្គម នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) និងអតីតសិស្សសាលារៀនពោធិ៍សាត់ ជំនាន់ឆ្នាំ ១៩៨២-១៩៨៥។ ក្នុងនោះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកស្រី ប្រាក់ ខុនដានី ក៏បានផ្គត់ផ្គង់បរិក្ខាសិក្សាបន្ថែម រួមមានឧបករណ៍បញ្ចាំងស្លាយ (LCD) ចំនួន៥ឈុត, តុកៅអីសិស្ស១៥០ឈុត, តុកៅអីគ្រូ១០ឈុត និងក្តារខៀន ១០ផ្ទាំងផងដែរ។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា វត្តមានអគារសិក្សាថ្មីនេះ នឹងជួយដោះស្រាយការលំបាក កាត់បន្ថយការខ្វះខាតបន្ទប់រៀន និងបង្កើតបរិយាកាសសិក្សាដ៏កក់ក្តៅជូនដល់ក្មួយៗសិស្សានុសិស្ស។ ជាការពិតណាស់ ការអប់រំ គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងការអភិវឌ្ឍ សមស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ថ្នាក់ដឹកនាំទាំង២ បានគូសបញ្ជាក់ថា ក្រឡេកមកមើលស្ថានភាពសកលលោកវិញ យើងត្រូវដឹងថា សន្តិភាពដែលយើងមានសព្វថ្ងៃគឺមានតម្លៃណាស់។ ខណៈដែលតំបន់មជ្ឈិមបូព៌ាកំពុងឆាបឆេះដោយភ្លើងសង្គ្រាម រុញច្រានឱ្យតម្លៃប្រេង និងទំនិញឡើងថ្លៃស្ទើរគ្រប់ទីកន្លែង ប៉ុន្តែកម្ពុជានៅតែរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍ។ មួយវិញទៀតរាជរដ្ឋាភិបាលខិតខំជំរុញការប្រើប្រាស់ថាមពលស្អាត និងការសន្សំសំចៃ ដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើប្រេងនាំចូលពីក្រៅប្រទេស។ ចំពោះបញ្ហាព្រំដែនជាមួយប្រទេសជិតខាងវិញ រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់យន្តការដោះស្រាយបញ្ហាព្រំដែន ដោយផ្អែកលើគោលការណ៍ «សន្តិវិធី ច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការ» ហើយយើងបានប្រកាន់ខ្ជាប់នូវជំហរអត់ធ្មត់ ដើម្បីជៀសវាងការប៉ះទង្គិចគ្នាដោយអាវុធ ដែលនាំឱ្យខាតបង់ដល់ប្រជាជនទាំងសងខាង។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា ខេត្តពោធិ៍សាត់ មិនត្រឹមតែជាខេត្តដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាខេត្តដែលមានសក្តានុពលខ្ពស់បំផុត ទាំងភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្ររដ្ឋបាល ក្នុងការតភ្ជាប់សេដ្ឋកិច្ចរវាងតំបន់មួយទៅតំបន់មួយ។ ដើម្បីទាញយកសក្តានុពលដ៏មហិមានេះ មកបម្រើឱ្យការរីកចម្រើនរបស់ខេត្ត យើងត្រូវការជាចាំបាច់នូវធនធានមនុស្សដែលមានចំណេះដឹងពិតប្រាកដ។ ក្នុងន័យនេះ លោកសូមលើកទឹកចិត្ត និងជំរុញយ៉ាងមុតមាំដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ។ ប្រសិនបើយើងមានបំណងប្រាថ្នាចង់ឃើញមាតុភូមិរបស់យើង រឹងមាំមិនមានការជិះជាន់ ក្លាយជាប្រទេសអ្នកមាន និងមានភាពរុងរឿងដូចបណ្តាប្រទេសជឿនលឿន ក្មួយៗត្រូវតែយកចិត្តទុកដាក់លើមុខវិជ្ជាគ្រឹះសំខាន់ៗ ជាពិសេសគឺ “គណិតវិទ្យា” ដែលជាមូលដ្ឋាននៃតក្កវិជ្ជា និង “នវានុវត្តន៍” ដែលជាក្បាលម៉ាស៊ីននៃការបង្កើតថ្មី និងការបង្កើនប្រសិទ្ធភាពការងារក្នុងយុគសម័យឌីជីថលនេះ។
ឯកឧត្តម កែវ រតនៈ និងលោក ហែម វណ្ឌឌី បានធ្វើការផ្តាំផ្ញើដល់ លោកគ្រូ អ្នកគ្រូ សូមបន្តខិតខំបណ្ដុះបណ្ដាលចំណេះដឹង និងសីលធម៌ដល់សិស្សានុសិស្សឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានោះ ក្មួយៗសិស្សានុសិស្ស សូមខិតខំរៀនសូត្រឱ្យក្លាយជាកូនល្អ សិស្សល្អ និងជាសសរទ្រូងដ៏រឹងមាំរបស់ជាតិ និងសូមចូលរួមថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ដល់កូនចៅយើងជំនាន់ក្រោយៗទៀត។
ថ្នាក់ដឹកនាំទាំង២ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ឡុង ណារ៉ូ, មូលនិធិ រ.ទ.ស.ភ និងបងប្អូនអតីតសិស្សទាំងអស់ ដែលបានលះបង់ធនធានផ្ទាល់ខ្លួន ចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធសិក្សានេះ សបញ្ជាក់ឱ្យឃើញពីការវិនិយោគលើមូលធនមនុស្សដ៏មានតម្លៃបំផុត សម្រាប់អនាគតកម្ពុជា៕
























































