សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ផ្ញើសារលិខិតជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦


សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បា​នផ្ញើសារជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។

ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖

នៅក្នុងឱកាសដ៏មហាបវរថ្លៃថ្លានៃការអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ នៃទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៦នេះ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ខ្ញុំសូម សម្ដែងនូវសេចក្តីសោមនស្សប្រកបដោយភាពកក់ក្តៅ និងជូនសព្ទសាធុការពរជូនចំពោះ សម្ដេចកិត្តិ សង្គហបណ្ឌិត។

សម្ដេចកិត្តិសង្គហបណ្ឌិត គឺជាអគ្គមគ្គុទ្ទេសិកាដ៏ឆ្នើម និងគំរូល្អមួយរូប។

ក្នុងនាមជាប្រធាន សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សម្តេច បានបំពេញករណីយកិច្ច និងដឹកនាំសហការី ប្រកបដោយការគិតគូរខ្ពស់ ដើម្បីអភិវឌ្ឍសមត្ថភាពស្រ្តី និងលើកកម្ពស់តួនាទីស្ត្រី ដែលជាឆ្អឹងខ្នង ដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ និងរក្សាការពារសន្តិភាពដ៏មានតម្លៃនៃប្រទេសកម្ពុជា។

ខ្ញុំសូមសម្តែងនូវសេចក្ដីអំណរគុណជាពន់ពេកចំពោះ សម្តេច ដែលបានលះបង់អស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ដើម្បីជាតិមាតុភូមិ និងជនរួមជាតិកម្ពុជា ជាពិសេសក្នុងការចូលរួមរំដោះជាតិមាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

នាឱកាសដ៏ឧដុង្គឧត្តមនេះ ខ្ញុំសូមជូនពរជ័យសិរីមង្គលគ្រប់ប្រការជូន សម្តេចកិត្តិសង្គហបណ្ឌិត និងសមាជិកគ្រួសារ និងសូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕