អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា រួមនិងក្រុមការងារនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងរៀបចំអាហារសាមគ្គីជូនកុមារកំព្រា និងកុមារពីការភ្នែក គឺថ្លង់ នៅវិទ្យាល័យអប់រំពិសេស ស្ថិតក្នុងក្រុងកំពង់ចាម ។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា ការគិតគូររៀបចំអាហាររូបត្ថម្ភ ជូនកុមារកំព្រា និងកុមារពិការភ្នែក គថ្លង់ នាឱកាសនេះ ដើម្បីឲ្យក្មួយៗមានកម្លាំង និងមានសុខភាពល្អ ពីព្រោះថា ការសិក្សារមានគុណភាពល្អ ការបណ្ដុះបណ្ដាលទទួលបានលទ្ធផលជោគជ័យ គឺអាស្រ័យលើគុណភាពជីវិត សុខភាពរបស់ក្មួយៗល្អដែរ។ ដូច្នេះដើម្បីឲ្យសុខភាពរបស់ក្មួយៗល្អ ត្រូវតែគិតគូរផ្ដល់អាហារូបត្ថម្ភនេះឯង។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងអប់រំយុវជន និងកីឡាបានគិតគូរទៅលើការផ្ដល់ជូនអាហារូបត្ថម្ភដល់សិស្សនៅតាមសាលាបឋមសិក្សា។ ថ្មីៗនេះខាងទីស្ដីការគណៈរដ្ឋមន្ត្រី ទើបតែបានចាប់ដៃគូជាមួយខេត្តកំពង់ចាម គឺរៀបចំសម្រាប់អាហារូបត្ថម្ភដូចគ្នា ដែលមានសាលាគោលដៅមួយចំនួននៅក្នុងខេត្តកំពង់ចាម បានចាប់ផ្ដើមផ្ដល់ជូនរួចហើយ គឺផ្ដល់ជូនរៀងរាល់ពេលព្រឹក។
ដូច្នេះសម្រាប់ក្មួយៗនៅក្នុងសាលាអប់រំពិសេសនេះ រដ្ឋបាលខេត្តនិងពិភាក្សាជាមួយនឹងម្ចាស់គម្រោង ដើម្បីផ្ដល់ជូននូវអាហាររូបត្ថម្ភជូនដល់ក្មួយៗរៀងរាល់ពេលព្រឹក ដើម្បីជំនួយដល់សុខភាពក្មួយៗ ឱ្យមានសុខភាពល្អ រៀនឆាប់ចេះ កសាងចំណេះនិងជំនាញ និងឈានទៅមានលទ្ធភាពរកការងារល្អបានធ្វើ និងមានអនាគតល្អ នាពេលខាងមុខ៕










