ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ៖ រាជរដ្ឋាភិបាលខិតខំជំរុញការប្រើប្រាស់ថាមពលស្អាត និងការសន្សំសំចៃ ដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើប្រេងនាំចូលពីក្រៅប្រទេស ពិសេសសម្រាលបន្ទុកដល់បងប្អូនដែលប្រកបរបរដឹកជញ្ជូន


ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ បានផ្សព្វផ្សាយ និងពន្យល់យ៉ាងច្បាស់ អំពីស្ថានភាពសកលលោក ជាពិសេសជម្លោះនៅតំបន់មជ្ឈឹមបូព៌ា ដែលកំពុងរុញច្រានឱ្យតម្លៃប្រេង និងទំនិញឡើងថ្លៃស្ទើរគ្រប់ទីកន្លែង ប៉ុន្តែកម្ពុជានៅតែរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍ។ រាជរដ្ឋាភិបាលតែងតែតាមដានយ៉ាងយកចិត្តទុកដាក់ ដោយបានខិតខំជំរុញការប្រើប្រាស់ថាមពលស្អាត និងការសន្សំសំចៃ ដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើប្រេងនាំចូលពីក្រៅប្រទេស ពិសេសធ្វើយ៉ាងណាសម្រាលបន្ទុកដល់បងប្អូនដែលប្រកបរបរដឹកជញ្ជូន។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងបែបនេះ នៅសាលប្រជុំធំគណបក្សខេត្ត ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនគ្រួសារអ្នករត់ម៉ូតូឌុប ផាស់អាប់ (PassApp) និងកង់បី ទូទាំងក្រុងពោធិ៍សាត់ សរុបប្រមាណ៤៦៨នាក់ ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរអង្គភាព ដែលជាក្រុមការងារចុះជួយសង្កាត់ទាំងទូទាំងក្រុង។

ឯកឧត្តម កែវ រតនៈ បានពាំនាំនូវការសួរសុខទុក្ខយ៉ាងជ្រាលជ្រៅ ពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះបងប្អូនអ្នកប្រកបរបរដឹកជញ្ជូនទាំងអស់ ដែលជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការបម្រើសេវាកម្មជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល បានគាំពារដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការសម្របសម្រួលផ្សេងៗគ្រប់បែបយ៉ាង ដើម្បីធានាបាននូវស្ថិរភាពចំណូល និងសុវត្ថិភាពក្នុងការងារ។ យើងត្រូវដឹងថា សន្តិភាពដែលយើងមានសព្វថ្ងៃគឺមានតម្លៃណាស់។ ខណៈដែលតំបន់មជ្ឈិមបូព៌ាកំពុងឆាបឆេះដោយភ្លើងសង្គ្រាម រុញច្រានឱ្យតម្លៃប្រេង និងទំនិញឡើងថ្លៃស្ទើរគ្រប់ទីកន្លែង ប៉ុន្តែកម្ពុជានៅតែរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍ។ មួយវិញទៀតរាជរដ្ឋាភិបាលខិតខំជំរុញការប្រើប្រាស់ថាមពលស្អាត និងការសន្សំសំចៃ ដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើប្រេងនាំចូលពីក្រៅប្រទេស។ ចំពោះបញ្ហាព្រំដែនជាមួយប្រទេសជិតខាងវិញ រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់យន្តការដោះស្រាយបញ្ហាព្រំដែន ដោយផ្អែកលើគោលការណ៍ «សន្តិវិធី ច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការ» ហើយយើងបានប្រកាន់ខ្ជាប់នូវជំហរអត់ធ្មត់ ដើម្បីជៀសវាងការប៉ះទង្គិចគ្នាដោយអាវុធ ដែលនាំឱ្យខាតបង់ដល់ប្រជាជនទាំងសងខាង។

ឆ្លើយតបនឹងការព្រួយបារម្ភលើវិស័យថាមពល ឯកឧត្តម កែវ រតនៈ បានបញ្ជាក់យ៉ាងច្បាស់ថា៖ “គ្មានសញ្ញាណាមួយដែលថា កម្ពុជាយើងនឹងខ្វះខាតអគ្គិសនីប្រើប្រាស់នោះឡើយ។ យើងមានប្រភពថាមពលគ្រប់គ្រាន់ និងចម្រុះ ទាំងពីវារីអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យ (Solar) ដើម្បីធានាស្ថិរភាពដល់ការរស់នៅ និងការប្រកបអាជីវកម្មរបស់បងប្អូន។”

ឯកឧត្តម កែវ រតនៈ បានគូសបញ្ជាក់ទៀតថា កាលពីម្សិលមិញ ក្នុងជំនួបជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, រូបលោកបានជួបពិភាក្សាគ្នា ដើម្បីត្រៀមបង្កើតតំបន់សហគ្រាសធុនតូច និងមធ្យម ក្នុងការជំរុញការផលិត និងការកែច្នៃក្នុងស្រុក ឈានទៅបង្កើនសង្វាក់ផលិតកម្ម ដែលនឹងនាំមកនូវទីផ្សារការងារ និងតម្រូវការសេវាកម្មដឹកជញ្ជូនកាន់តែច្រើន ពិសេសបានផ្តល់ប្រយោជន៍ផ្ទាល់ ដល់បងប្អូនអ្នករត់កង់បី និងម៉ូតូឌុបយើងផងដែរ៕