សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ផ្ញើសារលិខិតជូនពរ សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦


សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បា​នផ្ញើសារជូនពរ សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន នៅក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។

ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖

សម្តេចធម្មវិសុទ្ធវង្សា ជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ!

នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យប្រពៃថ្លៃថ្លានៃទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ ខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្សសប្បាយរីករាយប្រកបដោយមនោសញ្ចេតនាកក់ក្តៅបំផុត និងសូមជូននូវសព្ទសាធុការពរបវរមហាប្រសើរ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូន សម្តេច និងក្រុមគ្រួសារ។

ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះ សម្តេច នូវការលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី មិនខ្លាចនឿយហត់ ក្នុងការគាំទ្រ និងលើកទឹកចិត្តដល់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបុព្វហេតុ ជាតិ សាសនា និង ព្រះមហាក្សត្រ ជាពិសេស ការលើកកម្ពស់តួនាទីស្ត្រី និងក្មេងស្រី ក្នុងការចូលរួមកសាងការពារ និងថែរក្សាសន្តិភាព ព្រមទាំងការជួយជនភៀសសឹក និងក្រុមគ្រួសារក្នុងពេលមានសង្គ្រាម និងការស្ដារឡើងវិញក្រោយសង្គ្រាម។

នាឱកាសដ៏ឧត្តុង្គឧត្តមនេះ សូម សម្តេចធម្មវិសុទ្ធវង្សា និង សម្តេចអគ្គមហាពញាចក្រី ព្រមទាំងក្រុមគ្រួសារជួបប្រទះតែវិបុលសុខគ្រប់ប្រការ និងសមប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចធម្មវិសុទ្ធវង្សា ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕