សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ផ្ញើសារលិខិតជូនពរ លោកជំទាវ ញ៉ែម សាខន សខេង ក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦


សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បា​នផ្ញើសារជូនពរ លោកជំទាវ ញ៉ែម សាខន សខេង នៅក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។

ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖

លោកជំទាវ ជាទីរាប់អានដ៏ជ្រាលជ្រៅ!

នៅក្នុងឱកាសដ៏មហាបវរថ្លៃថ្លានៃការអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្សប្រកបដោយភាពកក់ក្ដៅ និងជូនសព្ទសាធុការពរជូនចំពោះ លោកជំទាវ។

នាទិវានេះ ខ្ញុំសូមកោតសរសើរចំពោះមនសិការ និងការលះបង់ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ក្នុងសកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍសង្គមជាតិ។

វត្តមាន និងសកម្មភាពដ៏សស្រាក់សស្រ័របស់ លោកជំទាវ ក្នុងការគាំទ្រដល់បេសកកម្មដ៏ឧត្ដុង្គឧត្តមរបស់ សម្តេចក្រឡាហោម គឺជាគំរូភាពនៃស្ត្រីសម័យថ្មី ដែលពោរពេញដោយចំណេះដឹង ចរិយាសម្បត្តិ និងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការរួមចំណែកកសាងវាសនាប្រទេសជាតិ។

លោកជំទាវ គឺជាសក្ខីភាពនៃភាពជោគជ័យដ៏ត្រចះត្រចង់ក្នុងការលើកតម្កើងគុណធម៌ស្តី តម្លៃគ្រួសារ និងឧត្តមប្រយោជន៍ជាតិទាំងមូល។

នាឱកាសដ៏ឧដុង្គឧត្តមនេះ ខ្ញុំសូមជូនពរជ័យមង្គលគ្រប់ប្រការជូនលោកជំទាវ និង សម្តេចក្រឡាហោម ព្រមទាំងក្រុមគ្រួសារ និងសូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកជំទាវ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕