សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ផ្ញើសារលិខិតជូនពរ លោកជំទាវ តៅ តឿន ទៀបាញ់ ក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦


សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បា​នផ្ញើសារជូនពរ លោកជំទាវ តៅ តឿន ទៀបាញ់ នៅក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។

ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖

លោកជំទាវ ជាទីរាប់អានដ៏ជ្រាលជ្រៅ!

នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យប្រពៃថ្លៃថ្លានៃទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ ខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្សសប្បាយរីករាយប្រកបដោយមនោសញ្ចេតនាកក់ក្តៅបំផុត និងសូមជូននូវសព្ទសាធុការពរបវរមហាប្រសើរ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូន លោកជំទាវ និងក្រុមគ្រួសារ។

ខ្ញុំសូមកោតសរសើរ លោកជំទាវ ដោយស្មោះចំពោះការលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី មិនខ្លាចនឿយហត់ក្នុងការគាំទ្រ និងលើកទឹកចិត្តដល់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបុព្វហេតុ ជាតិ សាសនា និង ព្រះមហាក្សត្រ ជាពិសេសការលើកកម្ពស់តួនាទីស្ត្រី និងក្មេងស្រី ក្នុងការចូលរួមកសាង ការពារ និងថែរក្សាសន្តិភាព ព្រមទាំងការជួយជនភៀសសឹក រួមទាំងក្រុមគ្រួសារក្នុងពេលមានសង្គ្រាម និងការស្ដារឡើងវិញក្រោយសង្គ្រាម។

នាឱកាសដ៏ឧត្ដុង្គឧត្តមនេះ សូម លោកជំទាវ និង សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងក្រុមគ្រួសារ សូមជួបតែវិបុលសុខគ្រប់ប្រការ និងសមប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកជំទាវ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕