នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា និងជាសមាជិករដ្ឋសភាជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញប្រគល់ផ្លែល្មើចំនួន ១៨០កេស ជូនដល់សាសនិកឥស្លាមនៅទូទាំងខេត្តពោធិ៍សាត់។
ក្នុងឱកាសមានមតិសំណេះសំណាល ឯកឧត្តម រ៉ូហ្វី អូស្មាន បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជូនបងប្អូនប្រជាពលរដ្ឋជាទីនឹករលឹកបំផុត ហើយឯកឧត្តមបានថ្លែងថា អំណោយដ៏ថ្លៃថ្លានេះ ទទួលបានពីមជ្ឈមណ្ឌលព្រះចៅសាល់ម៉ាន ដើម្បីជំនួយសង្គ្រោះ និងការងារមនុស្សធម៌(KSRelief) ដែលសម្រាប់ឆ្នាំ២០២៦នេះ បានផ្តល់ល្មើចំនួន ២៥ តោនដល់កម្ពុជា និងមានក្រសួងកិច្ចការឥស្លាមអារ៉ាប៊ីសាអូឌីតចំនួន ៥ តោនផងដែរ។
ក្នុងឱកាសខែរ៉ាម៉ាឌនដ៏ពិសិដ្ឋនេះ ឯកឧត្តម បានផ្តាំផ្ញើឲ្យបងប្អូនថែរក្សាសុខភាពឱ្យបានល្អក្នុងអំឡុងពេលបួស និងសូមបួងសួងពីអល់ឡោះជាម្ចាស់ ទ្រង់ទទួលនូវរាល់ផលបុណ្យកុសលការតមអាហារ និងការប្រតិបត្តិផ្សេងៗរបស់បងប្អូនទាំងអស់គ្នា។
ឯកឧត្តម បានមានប្រសាសន៍រំលឹកថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងកំពុងត្រូវបានថែរក្សាការពារយ៉ាងម៉ឺងម៉ាត់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងរីកចម្រើនលើគ្រប់វិស័យ និងតែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសសហគមន៍ឥស្លាមកម្ពុជា ផងដែរ៕


