សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានផ្ញើសារជូនពរ លោកជំទាវ សុខ នារី គុយសុផល នៅក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។
ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖
លោកជំទាវ ជាទីរាប់អាន!
នៅក្នុងឱកាសដ៏មហាបវរថ្លៃថ្លានៃការអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ នៃទិវាអន្តរជាតិ ៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្សប្រកបដោយភាពកក់ក្តៅ និងជូនសព្ទសាធុការពរជូនចំពោះ លោកជំទាវ។
នាឱកាសនេះ ខ្ញុំសូមសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះ លោកជំទាវ ដែលជាស្ត្រីឆ្នើមមួយរូបក្នុងការរួមចំណែកលើកស្ទួយនិងគាំទ្រកិច្ចការសង្គមជាតិ – សប្បុរសធម៌ និងសកម្មភាពជួយជនរួមជាតិដោយស្មោះអស់ពីចិត្តនៅគ្រប់កាលៈទេសៈ។
លើសពីនេះទៀត លោកជំទាវ បានជួយគាំទ្រដល់កិច្ចការងាររបស់ សម្តេចមហាមន្តី គុយ សុផល ដែលជាឧត្តមស្វាមី ក្នុងកិច្ចការបម្រើជាតិមាតុភូមិ សាសនា ព្រះមហាក្សត្រ ព្រមទាំងប្រជាជាតិកម្ពុជាទាំងមូល។
ខ្ញុំសូមជូនពរជ័យសិរីមង្គលគ្រប់ប្រការជូន លោកជំទាវ និង សម្ដេចមហាមន្ត្រី ព្រមទាំងសមាជិកគ្រួសារ និងសូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកជំទាវ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕


