ប្រមុខការទូតកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសិង្ហបុរី ដើម្បីរឹតចំណងមេត្រីភាពកាន់តែជិតស្និទ្ធ និងយូរអង្វែងរវាងប្រទេសទាំងពីរ


តបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត វីរៀន បាឡាគ្រឹស្សណាន់ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី នៅថ្ងៃទី១០-១១ ខែមីនា ឆ្នាំ២០២៦។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម ប្រាក់ សុខុន នឹងចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី និងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរីផងដែរ។

កិច្ចពិភាក្សារបស់ប្រមុខការទូតទាំងពីរ នឹងផ្តោតលើការជំរុញទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងកក់ក្តៅ តាមរយៈការស្វែងរកវិស័យថ្មីៗដែលមានសក្តានុពល សម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗ។

ក្រសួងការបរទេសកម្ពុជា បានអះអាងថា ទស្សនកិច្ចផ្លូវការនេះ បញ្ជាក់យ៉ាងមុតមាំអំពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងប្រទេសទាំងពីរ ហើយបង្ហាញអំពីការប្តេជ្ញាចិត្តរួម និងទស្សនវិស័យឆ្ពោះទៅមុខ សំដៅលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅកាន់កម្រិតថ្មី ដោយប្រែក្លាយប្រទេសទាំងពីរ ទៅជាដៃគូល្អក្នុងការចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព យូរអង្វែងនៅក្នុងតំបន់៕