នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ណាសៀត អូស្មាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា តំណាងដ៏ខ្ពង់
ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនចំនួន ៤០០កញ្ចប់ ជូនសាសនិកឥស្លាម នៅភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគីរី និងនៅភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ចំនួន៤០០កញ្ចប់ ដែលជាអំណោយទទួលបានពីក្រសួងគរុភ័ណ្ឌសាសនា និងកិច្ចការឥស្លាមប្រទេសកាតា(AWQAF) ផ្ដល់ជូនតាមរយៈស្ថានទូតកាតាប្រចាំនៅកម្ពុជា រៀបចំដោយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF)។
ជាមួយគ្នាដែរ ឯកឧត្តម ក៏បានប្រគល់ល្មើចំនួន១០០កេស ដែលជាព្រះរាជអំណោយរបស់ព្រះចៅសាល់ ម៉ាន ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត សម្រាប់ចែកជូនសាសនិកឥស្លាម ក្នុងខេត្តរតនគិរី១០០កេស និង១២០កេស នៅខេត្តស្ទឹងត្រែង។ ក្នុងឱកាសនោះ ឯកឧត្តម បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជូនបងប្អូនប្រជាពលរដ្ឋជាទីនឹករលឹកបំផុត។ ឯកឧត្តម បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រសួងគរុភ័ណ្ឌសាសនា និងកិច្ចការឥស្លាមប្រទេសកាតា ដែលជានិច្ចជាកាលតែងតែផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅក្នុងសហគមន៍ឥស្លាមកម្ពុជាជារៀងរាល់ឆ្នាំ។
ឯកឧត្តមបានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងតែស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះជំនួយ និងអំណោយ ដែលផ្តល់ដោយអង្គការសប្បុរសធម៌ផ្សេងៗ ដើម្បីផ្តល់ផលប្រយោជន៍រួមដល់ប្រជាជនកម្ពុជា ។ ក្នុងឱកាសនោះ ឯកឧត្តមបានគូសបញ្ជាក់ អំពីការរីកចម្រើនលើគ្រប់វិស័យ និងវឌ្ឍនភាពនៃការអភិវឌ្ឍន៍សហគមន៍ឥស្លាមកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល មានការរីកចម្រើន ដុះដាលជាច្រើនវិស័យ លើសពីសម័យណាៗទាំងអស់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រីនិងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបាននឹងកំពុងធ្វើឱ្យប្រទេសទទួលបានសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។
ក្នុងឱកាសខែរ៉ាម៉ាឌនដ៏ពិសិដ្ឋនេះ ឯកឧត្តម បានផ្តាំផ្ញើឲ្យបងប្អូនថែរក្សាសុខភាពឱ្យបានល្អក្នុងអំឡុងពេលបួស និងសូមបួងសួងពីអល់ឡោះជាម្ចាស់ ទ្រង់ទទួលនូវរាល់ផលបុណ្យកុសលការតមអាហារ និងការប្រតិបត្តិផ្សេងៗរបស់បងប្អូនទាំងអស់គ្នា៕


