រដ្ឋបាលខេត្តកែប បើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងភូមិសាស្ត្រ​ខេត្តកែប


ដើម្បីឆ្លើយតបទៅនឹងការដាក់ចេញនូវវិធានការរបស់រាជរដ្ឋាភិបាល ស្តីពីការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រដ្ឋបាលខេត្តកែប នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនូវអនុក្រឹត្យលេខ០៣ អនក្រ បក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ក្នុងគោលបំណងកំណត់អំពីការគ្រប់គ្រងសន្តិសុខ នៅតាមទីតាំងប្រមូលផ្តុំដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពសង្គម និងធានាដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកវិនិយោគិនបរទេស សំដៅរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យឲ្យមានស្ថិរភាពល្អ។

កិច្ចប្រជុំ​នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។

នាឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត បានលើកឡើងថា ដើម្បីរក្សាបាននូវសុខសុវត្ថិភាព និងសុខុដុមរមនា ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានគិតគូខ្ពស់ ដោយបានចេញនូវអនុក្រឹត្យ បទបញ្ជាផែនការណែនាំ ជាបន្តបន្ទាប់ ព្រមទាំងកម្លាំងសន្តិសុខ សណ្តាប់ធ្នាប់ គណៈបញ្ជាការគ្រប់លំដាប់ថ្នាក់ បានដឹកនាំអនុវត្តយ៉ាងសកម្ម សំដៅបោសសំអាត លុបឲ្យបាននូវរាល់បទល្មើសផ្សេងៗ ជាពិសេស លើបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online scams)​ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ដើម្បីគាំទ្រដល់យន្តការខាងលើ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប ក៏បានដាក់ចេញនូវផែនការ លេខ ០០៥/២៦ ផក ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដើម្បីចុះអនុវត្តផ្ទាល់នៅគ្រប់មូលដ្ឋានក្រុង ស្រុកទាំងពីរផងដែរ។ លោកអភិបាលខេត្តកែប ក៏បានណែនាំ ដល់លោក លោកស្រីគ្រប់អង្គភាព ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តទប់ស្កាត់អោយបានដាច់ខាតនូវរាល់បទល្មើស Online Scams ទន្ទឹមនោះ ម្ចាស់ផ្ទះសំណាក់ បឹងកាឡូ រីស៊ត ត្រូវយកចិត្តទុកដាក់ លើកិច្ចសន្យាជួលទីតាំងរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលគ្រប់គ្រង និងបញ្ជៀសបទល្មើសផ្សេងៗ គ្រប់ប្រភេទ។

កិច្ចប្រជុំផ្សព្វផ្សាយខាងលើ ធ្វើបទបង្ហាញដោយលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប លើខ្លឹមសារក្នុងអនុក្រឹត្យទាំងស្រុងផងដែរ៕