ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញបើកការដ្ឋានជួសជុលស្តារឡើងវិញកំណាត់ផ្លូវលេខ១៥៤ ដោយជួសជុលពង្រីកតួផ្លូវ ក្រាលបេតុងប្រវែង ៧៧៥ម៉ែត្រ ទទឹង ១២ម៉ែត្រ និងស្ថាបនាលូទឹកភ្លៀងបណ្តោយផ្លូវមុខកាត់ ១ម៉ែត្រសងខាងផ្លូវ ប្រវែង ១,៧៥៦ម៉ែត្រ អណ្តូងលូចំនួន ៦២កន្លែង និងខឿនបេតុងចិញ្ចើមផ្លូវប្រវែង ១,៨២០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរសង្កាត់ ក្រុង ត្រូវជំរុញពន្លឿនការរំដោះដីចំណីផ្លូវ កាត់សំយាប និងរុះរើរសំណង់ផ្សេងៗដែលសង់រំលោភដីចំណីផ្លូវសាធារណៈរបស់រដ្ឋ និងបានណែនាំដល់ប្រជាពលរដ្ឋបញ្ឈប់ការសាងសង់សំយាប និងសំណង់ផ្សេងៗលើដីចំណីផ្លូវ រៀបចំការលក់ដូរនៅក្នុងផ្ទះឱ្យមានរបៀបរៀបរយមិនត្រូវលក់ដូរលើដីចំណីផ្លូវឡើយ។
ឯកឧត្តម សុខ លូ បានបង្ហាញចក្ខុវិស័យក្នុងការរៀបចំក្រុងបាត់ដំបងឱ្យក្លាយទៅ ជាទីក្រុងស៊ីវិល័យ ស្អាត ស្មាត បៃតង និងងាយស្រួលដើរកម្សាន្ត។ លោកបញ្ជាក់ថា ផ្លូវនៅក្នុងក្រុងបាត់ដំបងទាំងអស់នឹងត្រូវបើកការដ្ឋានជួសជុល និងសាងសង់ថ្មីឡើងវិញជាបន្តបន្ទាប់ទៅតាមដំណាក់កាលដើម្បីសម្រួលដល់ធ្វើការដំណើររបស់ប្រជាពលរដ្ឋ។
ឯកឧត្តម សុខ លូ ស្នើប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ចៀសឆ្ងាយពីគ្រឿងញៀន ថែរក្សាអនាម័យបរិស្ថាន បញ្ឈប់ការដុតសំរាម និងការដុតជញ្ជ្រាំងដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងជំរុញប្រជាពលរដ្ឋឱ្យចូលរួមរាយការណ៍ករណីគ្រឿងញៀនកម្មវិធីទូរសព្ទដៃ App NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០%៕







































