ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំនិស្សិតដែលទទួលបានជ័យលាភី បញ្ចប់ការសិក្សាវគ្គជំនាញនគរបាលទាំងអស់ សូមយកចំណេះដឹង ជំនាញរបស់ខ្លួន ពិសេសក្រមសីលធម៌ ទៅបម្រើពលរដ្ឋតាមមូលដ្ឋានរៀងៗខ្លួន សូមប្រកបដោយប្រសិទ្ធភាព គុណភាព ប្រសិទ្ធភាពលើការបម្រើ និងរកសេចក្ដីសុខជូនពលរដ្ឋឲ្យបានល្អប្រសើរបំផុត។ លើសនេះ ការប្រើប្រាស់ពាក្យសំដីត្រូវប្រយ័ត្ន ព្រោះសំដីខុសឆ្គងអាចត្រូវបានមហាជនវាយតម្លៃមិនល្អមកលើនគរបាល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ ចំនួន២០៧នាក់ នារី៦៤នាក់ និងសិស្សនគរបាលថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ ជំនាញនគរបាលជំនាន់ទី១ ចំនួន១០០នាក់ នារី៣០នាក់ នៅបណ្ឌិតសភានគរបាលកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ។
នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯកមនោសែន ប្រធានបណ្ឌិតសភានគរបាលកម្ពុជា បានថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍សង្ខេបអំពីលទ្ធផលនៃការងារបណ្ដុះបណ្ដាល ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាលជំនាន់ទី១ និងសមិទ្ធផលនានាជាជាច្រើនផ្សេងទៀត។ ពិសេសអំពីកំណែទម្រង់ដែលបណ្ឌិត្យសភា បាននិងកំពុងធ្វើយ៉ាងសកម្មលើការងារស្នូលសំខាន់ៗដូចជា ការដឹកនាំ ការបណ្ដុះបណ្ដាល ការស្រាវជ្រាវ-មន្ទីរពិសោធន៍ សារមន្ទីរ និងការងារឌីជីថល ព្រមទាំងអនុវត្តផែនការយុទ្ធសាស្ត្រដំណាក់កាលទី៣ ផែនការស្រាវជ្រាវ មន្ទីរពិសោធន៍ និងផែនការអភិវឌ្ឍន៍ធនធានគ្រូ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា ដោយមើលឃើញពីតួនាទី និងភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ មានសារៈសំខាន់សម្រាប់ប្រទេសជាតិ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃបំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយ អភិវឌ្ឍន៍ និងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងកោតសរសើរប្រកបដោយមោទនភាពយ៉ាងខ្លាំង បានថ្លែងកោតសរសើរប្រកបដោយមោទនភាពយ៉ាងខ្លាំង អំពីការអវឌ្ឍន៍រីកចម្រើនរបស់បណ្ឌិត្យសភានគរបាលកម្ពុជា សាលានគរបាលជាតិ មិត្តភាពកម្ពុជា-វៀតណាម និងសាលានគរបាលជាតិភូមិភាគទាំង៦ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ការបំពាក់ឧបករណ៍សម្ភារៈការកែលម្អសោភ័ណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ស្តង់ដារគុណភាពលើការងារបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកកងកម្លាំង ព្រមទាំងបានថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយអភិវឌ្ឍន៍បណ្ឌិត្យសភា។ ក្រសួងមហាផ្ទៃនៅតែបន្តគាំទ្រឧបត្ថម និងផ្ដល់អាទិភាពខ្ពស់ដល់ការងារបណ្ដុះបណ្ដាល ដើម្បីកសាងធនធានមនុស្សផ្នែកកងកម្លាំងសម្រាប់បន្តវេនពីមួយជំនាន់ទៅមួយជំនាន់។
ឯកឧត្តមអភិសន្តិបណ្ឌិត ទទួលស្គាល់ថា ក្រោមស្មារតីកែទម្រង់ ទស្សនៈទំនើបកម្មនិយម គំនិតច្នៃប្រឌិត និងនវានុវត្តន៍ខ្ពស់, បណ្ឌិត្យសភានគរបាលកម្ពុជា បានបន្តបង្កើនស្នាដៃ សមិទ្ធផលថ្មីៗ និងមានវឌ្ឍនភាពជាបន្តបន្ទាប់ ដែលមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការបណ្ដុះបណ្ដាលប្រកបដោយគុណភាពប៉ុណ្ណោះទេ ថែមទាំងបានលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ។ ស្នាដៃទាំងនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងកម្លាំងនគរបាលជាតិដែលមានវិជ្ជាជីវៈខ្ពស់ សុចរិតភាព ស្មារតីបម្រើប្រជាពលរដ្ឋ និងភាពស្មោះត្រង់ចំពោះជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានថ្លែងកោតសរសើរដល់និស្សិតនគរបាលជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្ដាំផ្ញើរឲ្យបន្តការសិក្សា ដកស្រង់បទពិសោធន៍ ពង្រឹងចំណេះដឹងឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពេញភារកិច្ចទទួលខុស ត្រូវ បានល្អប្រសើរជូនជាតិ និងប្រជាពលរដ្ឋ៕














































