ក្នុងគោលដៅធ្វើទំនើបកម្មស្ថាប័ន និងពង្រឹងសមត្ថភាព ស្រាវជ្រាវគោលនយោបាយឱ្យកាន់តែស៊ីជម្រៅ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយប្រតិភូស្ថាប័នស្រាវជ្រាវរបស់ចិន ដើម្បីពង្រីកវិសាលភាពនៃ «កិច្ចសហប្រតិបត្តិការតភ្ជាប់បញ្ញវន្ត» រវាងប្រទេសទាំងពីរ។
កាលពីរសៀលថ្ងៃ ទី១០ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង និងជាប្រធានក្រុមទីប្រឹក្សានៃរដ្ឋសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យ យ៉ាង ជាមៀន (Yang Jiemian) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ផ្នែកសិក្សាធិការនៃវិទ្យាស្ថានស៊ាងហៃសម្រាប់ការសិក្សាអន្តរជាតិ (SIIS)។
ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋសភាកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលជានិច្ចកាលតែងតែជំរុញ និងលើកកម្ពស់ការស្រាវជ្រាវគោលនយោបាយ និងការបង្កើតស្ថាប័ន Think Tank ក្នុងរដ្ឋសភា។
ឯកឧត្តមបានបន្តថា យន្តការនេះនឹងជួយឱ្យការសម្រេចចិត្តលើគោលនយោបាយ និងការងារនីតិប្បញ្ញត្តិផ្អែកលើភស្តុតាង និងវិទ្យាសាស្ត្រកាន់តែច្បាស់លាស់ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនឱ្យកាន់តែប្រសើរឡើង។
លោកសាស្ត្រាចារ្យ យ៉ាង ជាមៀន ដែលជាបញ្ញវន្តដ៏ល្បី ល្បាញរបស់ចិនបានចែករំលែកបទពិសោធរាប់ទសវត្សរ៍នៃវិទ្យាស្ថាន SIIS និងបានកត់សម្គាល់ពីសារៈសំខាន់នៃការពង្រីកស្ថាប័នស្រាវជ្រាវនៅក្នុងគ្រឹះស្ថានឧត្តមសិក្សា។
លោកសាស្ត្រាចារ្យបានផ្តល់អនុសាសន៍ថា ដើម្បីកសាង Think Tank ឱ្យមានគុណភាព និងអាជីព គឺចាំបាច់ត្រូវមានថ្នាក់ដឹកនាំរឹងមាំ យន្តការស្ថាប័នច្បាស់លាស់ និងការប្តេជ្ញាចិត្តរយៈពេលវែង។
ទន្ទឹមនឹងនេះ លោកសាស្ត្រាចារ្យក៏បានរំលឹកពីសុភាសិតដ៏មានអត្ថន័យថា៖ «បើចង់ដើរឱ្យលឿន ត្រូវដើរម្នាក់ឯង តែបើចង់ដើរឱ្យឆ្ងាយត្រូវដើរជាមួយគ្នា»ដោយ សង្កត់ធ្ងន់ថា កម្ពុជានិងចិនគួរតែបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ជាពិសេសការផ្លាស់ប្តូរចំណេះដឹងរវាងស្ថាប័នស្រាវជ្រាវ និងស្ថាប័ននីតិប្បញ្ញត្តិ។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះមិត្តភាពដែកថែប កម្ពុជា-ចិន ដែលត្រូវបានថែរក្សា និងពង្រឹងដោយថ្នាក់ដឹកនាំកំពូល នៃ ប្រទេសទាំងពីររួមមានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី, សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាមូលដ្ឋានគ្រឹះក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែរីកចម្រើន។
ជំនួបនេះបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល ដោយភាគីទាំងពីរបានបង្ហាញពីបំណងក្នុងការបង្កើតភាពជាដៃគូស្រាវជ្រាវរួមគ្នានិងការផ្លាស់ប្តូរបទពិសោធ មន្ត្រីជំនាញនាពេលអនាគត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ស្ថាប័ននីតិប្បញ្ញត្តិ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសទាំងពីរ៕






