ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថា ការអាន និងការសរសេរ ជាមធ្យោបាយដ៏មានប្រសិទ្ធភាព បំផុតក្នុងការសិក្សាជំនាញ ការលើកកម្ពស់ភាសាជាតិ ការលើកកម្ពស់លទ្ធផលសិក្សា និងការយល់ដឹងពីពិភពលោក។
ក្នុងទិវាជាតិអំណាន ១១ មីនា ២០២៦ ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ក្នុងបរិបទនៃការប្រែប្រួល និងសកលភាវូបនីយកម្ម ការអាន និងការសរសេរទាមទារឱ្យមានការអប់រំ និងការបណ្តុះបណ្តាល ដែលត្រូវយកចិត្តទុកដាក់ឱ្យកាន់តែខ្ពស់ ជាពិសេសការរិះរកមធ្យោបាយសម្រាប់អំណាន ដែលមានច្រើនជម្រើសរួមមាន ការអានសៀវភៅ ការអានលើឧបករណ៍អេឡិចត្រូនិក ការអាននៅលើទូរសព្ទវៃឆ្លាត និងការអាននៅលើឧបករណ៍ឌីជីថល។ ម៉្យាងទៀត អំណានដោយប្រើមធ្យោបាយបច្ចេកវិទ្យាទំនើប ចំណាយពេលតិច ងាយស្រួលអាន និងជួយដល់បរិស្ថានផងដែរ ដោយនាពេលបច្ចុប្បន្ន សិស្ស និស្សិត និងយុវជនកម្ពុជា ដែលស្រឡាញ់ការអានកំពុងតែប្រើប្រាស់មធ្យោបាយអានទាំងអស់នេះផងដែរ។
ឯកឧត្តមបានបន្ថែមថា បើយើងក្រឡេកមើលទៅប្រទេសជឿនលឿន ទោះបីបច្ចេកវិទ្យារីកចម្រើនខ្លាំងយ៉ាងណា ការអានដោយប្រើប្រាស់សៀវភៅ នៅតែមានសន្ទុះខ្លាំងក្លាដដែល។ ហេតុនេះហើយទើបក្រសួងអប់រំ យុវជន និងកីឡា បានបន្តរៀបចំ និងប្រារព្ធទិវាជាតិអំណានចាប់តាំងពីឆ្នាំ២០១៦ មកដល់ពេលនេះ ហើយជាមួយគ្នានេះក្រសួងបានចាត់វិធានការ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃការសិក្សា នៅកម្រិតថ្នាក់ដំបូងនៃបឋមសិក្សាផ្តោតលើការអនុវត្តកញ្ចប់អំណានថ្នាក់ដំបូង ដោយពង្រីក ការអនុវត្ត កញ្ចប់អំណានសម្រាប់ថ្នាក់ទី១ ទី២ និងទី៣ ទូទាំងប្រទេស។ ក្រសួងបានដាក់បញ្ចូលកញ្ចប់អំណាន ថ្នាក់ដំបូងត្រូវបានដាក់បញ្ចូលទៅក្នុង កម្មវិធីបណ្តុះបណ្តាលគ្រូ ទាំងក្នុងប្រព័ន្ធបណ្តុះបណ្តាល ១២+២ និង ១២+៤ ដើម្បីធានាបាននូវនិរន្តរភាព រួមទាំងការអនុវត្តយន្តការប្រឹក្សាគរុកោសល្យ ដែលវិធាន
សំខាន់ៗ ក្នុងការលើកកម្ពស់អំណានរួមមាន៖ ១.វិធានការលើកកម្ពស់អក្ខរកម្ម,២.ការពិនិត្យឡើងវិញវិធីសាស្ត្របង្រៀនអំណាន, ៣.ការពិនិត្យឡើងវិញគោលការណ៍បង្រៀន (ខ្ញុំធ្វើ យើងធ្វើ អ្នកធ្វើ) និង ៤.ការជំរុញសកម្មភាពអំណានក្នុងបណ្ណាល័យ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថា តាមរយៈលទ្ធផលរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សទាំងកម្រិតតំបន់ SEA-PLM ឆ្នាំ ២០២៤ បានបង្ហាញថា សិស្សកម្ពុជាទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ដោយមានពិន្ទុជាមធ្យមផ្នែកអំណានកើនឡើង៦ពិន្ទុ (កើនឡើងពី២៩០ ក្នុងឆ្នាំ២០១៩)។ អត្រាសិស្សដែលមានសមត្ថភាពអំណានខ្ពស់ (ពីកម្រិត៥ឡើងទៅ) បានកើនឡើងពី ២៧% ក្នុងឆ្នាំ២០១៩ ដល់ ៣៩% ក្នុងឆ្នាំ២០២៤។ ក្នុងចំណោមសិស្សទាំងនេះ អត្រាសិស្សឆ្នើមបានកើនឡើងពី ១១% ក្នុងឆ្នាំ២០១៩ ដល់ ១៨% ក្នុងឆ្នាំ២០២៤។ បើនិយាយក្នុងចំណោមប្រទេសដែលបានចូលរួមក្នុងរង្វាយតម្លៃ SEA-PLM ទាំង២លើក ពិន្ទុផ្នែកអំណានរបស់សិស្សកម្ពុជានៅតែស្ថិតនៅកណ្តាល ក្នុងលំដាប់ទី៤ (បន្ទាប់ពី វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា)។ ជារួម លទ្ធផលរបស់សិស្សកម្ពុជា ផ្នែកអំណានគឺឈរនៅកម្រិតប្រហាក់ប្រហែលមធ្យមភាគរបស់អាស៊ាន ក្នុងកម្រិតពិន្ទុ៣០០៕

