កម្ពុជា និងអាមេរិក ជជែកលើការវិនិយោគនៅកម្ពុជា


(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦នេះ នៅឯទីស្តីការក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា មានការជួបគ្នារវាងថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយភារធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា អមដោយអ្នកធ្វើធុរកិច្ច​របស់​អាមេរិកផងដែរ បើកការជជែកគ្នាស្តីពីការវិនិយោគ និងធ្វើធុរកិច្ចនៅក្នុងប្រទេស​កម្ពុជា។

ជំនួបនេះ ភាគីកម្ពុជា ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងចូលរួមអមដោយឯកឧត្តម កែវ រតនៈ អនុប្រធានទី៣ ព្រមទាំងអគ្គលេខាធិការ និងមន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ជា​ច្រើន​រូបទៀត។ រីឯភាគីសហរដ្ឋអាមេរិកវិញ ដឹកនាំដោយលោកជំទាវ Bridgette L. Walker ភារធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា អមដោយលោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងអ្នកវិនិយោគរបស់​អាមេរិកជាច្រើនរូបផ្សេងទៀត។

ជំនួបនេះបានជជែកផ្តោតជាសំខាន់ទៅលើការវិនិយោគ ឧបសគ្គ និងដំណោះ​ស្រាយពាក់ព័ន្ធការវិនិយោគ និងធ្វើធុរកិច្ចរបស់អាមេរិកនៅកម្ពុជា។

ការវិនិយោគ និងការធ្វើធុរកិច្ចរវាងកម្ពុជា និងអាមេរិក បានស្ថិតក្នុងស្ថានភាព​មួយ​ល្អប្រសើរ។ ស្ថានភាពនេះ បានឆ្លុះបង្ហាញតាមរយៈ​រូបភាពលទ្ធផលធ្វើពាណិជ្ជកម្មរវាងគ្នា ដែលសម្រេចបាននាឆ្នាំ២០២៥កន្លងទៅ។

ឆ្នាំ២០២៥ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក មានកំណើតជិត ៣០ភាគរយ។ ១២ខែឆ្នាំ២០២៥ កម្ពុជា និងអាមេរិក សម្រេចបានទំហំពាណិជ្ជកម្ម ១៣.១៤ពាន់លានដុល្លារ កើនឡើង ២៩.២​៤% បើធៀបនឹងរយៈពេលដូចគ្នា នឹងឆ្នាំ២០២៤​ ដែលមានទំហំទឹកប្រាក់ ១០.១៧ពាន់លានដុល្លារ។ កម្ពុជា នៅតែរក្សាបានការនាំចេញទៅអាមេរិកល្អប្រសើរ បើទោះបីជាអាមេរិកកំណត់អត្រាពន្ធបដិកាថ្មីក៏ដោយ ដោយសម្រេចបានប្រមាណ ១២.៧៣ពាន់លានដុល្លារ កើនឡើង២៨.៤៨​% បើធៀបនឹងឆ្នាំ២០២៤ ដែលមានទំហំទឹកប្រាក់ ៩.៩ពាន់លានដុល្លារ។ ចំណែកការនាំចូលពីអាមេរិកមកវិញ មានទឹកប្រាក់ជាង ៤១៧លានដុល្លារ​ កើនឡើង ៥៧.៨៣%។

មុខទំនិញដែលកម្ពុជា នាំចេញទៅអាមេរិកភាគច្រើនមានដូចជា មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ គ្រឿងបង្គុំ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
អាមេរិកនៅតែជាទីផ្សារធំមួយសម្រាប់ទំនិញរបស់កម្ពុជា៕