ឯកឧត្តម សុខ ពុទ្ធិវុធ ជួបសំណេះសំណាលជាមួយអតីតនិស្សិត​អាហារូបករណ៍​ព្រីនស៍ ក្រោយផ្ទេរមកសិក្សាក្រោមអាហារូបករណ៍របស់សម្តេចតេជោ


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធាន​គណៈកម្មាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធាន​គណៈ​កម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីភាពក្នុងពិធី​សំណេះ​សំណាលជាមួយអតីតនិស្សិតអាហារូបករណ៍ព្រីនស៍ បច្ចុប្បន្នក្រោមអាហារូបករណ៍​ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី រដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាធិការ តំណាងគ្រឹះស្ថាន​ឧត្តមសិក្សា និងសមាជិក សមាជិកាគណៈកម្មាធិការអាហារូបករណ៍ ប្រធាន អនុ​ប្រធាន សមាជិកក្រុមការងារអាហារូបករណ៍ អ.ម.ត ផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ ពុទ្ធិវុធ បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី បានបន្តឧបត្ថម្ភគាំទ្រដល់ការសិក្សារបស់ប្អូនៗ ក្មួយៗ​និស្សិត​ទាំងអស់ នាពេលនេះរហូតដល់បញ្ចប់ការសិក្សា គឺការវិនិយោគដ៏ថ្លៃថ្លា​លើការកសាងមូលធនមនុស្សកម្ពុជាដ៏រឹងមាំ ដែលប្រកបដោយចំណេះដឹង និងចំណេះធ្វើជាក់ស្តែង ដើម្បីបង្កើនផលិតភាព និងឧត្តមភាពប្រកួតប្រជែងទាំង​ក្នុងកម្រិតតំបន់ និងសកលលោក។

សូមបញ្ជាក់ផងដែរថា តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការសម្របសម្រួលជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា បានបន្តផ្តល់អាហារូបករណ៍ជូនអតីតនិស្សិត​អាហា​រូបករណ៍​ព្រីនស៍ សរុបចំនួន ២៩១ អង្គ/នាក់ (ស្រី ១០៨ នាក់)។

បច្ចុប្បន្នគណៈ​កម្មាធិការអាហារូបករណ៍ បាននិងកំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធ​ជាមួយក្រសួង អប់រំ យុវជន និងកីឡា បណ្តាគ្រឹះស្ថានឧត្តមសិក្សា ដើម្បីធ្វើប​ច្ចុ​ប្បន្ន​ភាពនិស្សិតក្នុងប្រព័ន្ធឌីជីថលរបស់គណៈកម្មាធិការអាហារូបករណ៍ សំដៅ​ធ្វើយ៉ាងណាឱ្យនិស្សិតបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងក្របខ័ណ្ឌ​អាហា​រូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត និង​ទទួល​បានផ្លែផ្លាក្រោយពេលបញ្ចប់ការសិក្សា៕