ឯកឧត្តម​ ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រកសិកម្មនៃអាងកំពីងពួយ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង


នារសៀលថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងនូវវឌ្ឍនភាពការងារនៃគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រកំពីងពួយ ដែលកំពុងអនុវត្តក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង។

សូមជម្រាបថា ការជំរុញធ្វើទំនើបកម្មអាងទឹកកំពីងពួយ និងប្រព័ន្ធធារាសាស្ត្រពាក់ព័ន្ធ ដែលទទួលបានប្រភពទឹកតាមរយៈប្រឡាយតភ្ជាប់ពីស្ទឹងបវេល ដើម្បីធានាដល់ការស្រោចស្រពផ្ទៃដីកសិកម្មជូនប្រជាកសិករបានទាំងរដូវវស្សា និងរដូវប្រាំង។ ទន្ទឹមនឹងការបម្រើឱ្យវិស័យកសិកម្ម ការកែលម្អហេដ្ឋារចនាសម្ព័ន្ធនេះក៏មានគោលបំណងប្រែក្លាយតំបន់នេះឱ្យទៅជាតំបន់ប្រើប្រាស់ពហុបំណង ជាពិសេសការអភិវឌ្ឍទៅជាតំបន់អេកូទេសចរណ៍ដ៏មានសក្តានុពល។

បន្ថែមពីនេះ តាមរយៈការសាងសង់ពង្រឹងខ្នងប្រឡាយឱ្យទៅជាផ្លូវគមនាគមន៍ដ៏រឹងមាំ នឹងជួយសម្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនកសិផលពីតំបន់ផលិតទៅកាន់ទីផ្សារបានកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕