កម្ពុជា បានបន្តបញ្ជូនកងកម្លាំងទ័ពមួកខៀវលេខ៨៧៤ ចំនួន ៤៨នាក់ ក្នុងនោះយោធិនជានារី ចំនួ២៤នាក់ ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង បន្ទាប់ពីដំណើរមាតុភូមិនិវត្តន៍របស់កងកម្លាំងលេខ៨៧២ ចំនួន ៧៣នាក់ ក្នុងនោះយោធិនជានារីចំនួន៣៤នាក់ ដែលទើបបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ។
ពិធីទទួល និងបញ្ជូនកងកងទ័ពមួកខៀវនេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាថ្ងៃទី១២ខែមីនា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សែម រតនា បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងនាយឧត្តមសេនីយ៍ ទៀត សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងពីឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដល់កងកម្លាំងមួកខៀវ កម្ពុជានិងក្រុមគ្រួសារផងដែរ។
លោកឧត្តមសេនីយ៍ទោ សែម រតនា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះមាតុភូមិនិវត្តន៍ របស់កម្លាំងទាំង ៧៣នាក់ ដែលបានបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ប្រកបដោយជោគជ័យ និងបានវិលត្រឡប់មកកាន់មាតុភូមិវិញនាពេលនេះ ខណៈដែលកងលេខ៨៧៤ ចំនួន៤៨នាក់នឹងធ្វើយុទ្ធដំណើរទៅកាន់តំបន់បេសកកម្ម និងក្លាយជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ។
លោកឧត្តមសេនីយ៍ទោ សែម រតនា បានក្រើនរំលឹកបងប្អូនទាំងអស់ឱ្យរួបរួមសាមគ្គីឯកភាពគ្នាជាធ្លុងមួយជាមួយយុទ្ធមិត្តគ្រប់រូប និងត្រូវបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានល្អ។
យកឱកាសនេះ លោកឧត្តមសេនីយ៍ទោ សែម រតនា បានថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ ជាពិសេសក្រសួងសុខាភិបាល ដែលតែងមានវត្តមានក្នុងការជួយធ្វើតេស្តរកជម្ងឺគ្រុនចាញ់ដល់កងកម្លាំងមាតុភូមិនិវត្តទាំង៧៣នាក់។
ហើយកងកម្លាំងទាំង៤៨នាក់ ដែលត្រូវធ្វើយុទ្ធដំណើរទៅកាន់តំបន់បេសកកម្ម, ឧត្តមសេនីយ៍ទោ សែម រតនា បានរំលឹកឱ្យមានការចងចាំ និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខថ្នាក់ដឹកនាំដែលថា «ទៅគ្រប់ មកគ្រប់» «នៅឱ្យគេស្រឡាញ់ ចាកចេញឱ្យគេនឹករលឹក» និង «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់» ជាដើម ហើយនៅពេលឡើងយន្តហោះបងប្អូនត្រូវម្ចាស់ការលើសម្ភារខ្លួនឯងដោយត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ មិនត្រូវនាំយកវត្ថុហាមឃាត់ឡើងលើយន្តហោះជាដាច់ខាត និងត្រូវចេះរៀបចំអង្គុយជាក្រុម ដែលត្រូវមានអ្នកចេះភាសាអង់គ្លេស ដើម្បីជួយទំនាក់ទំនងការងារ និងការបំពេញបែបបទឯកសារនៅពេលមានតម្រូវការ។
នៅពេលចុះយន្តហោះបងប្អូនត្រូវបែងចែកភារកិច្ចក្នុងការយកសម្ភារបុគ្គល និងសម្ភាររួមទៅរៀបចំឱ្យមានស្តង់ដារ និងអនាម័យនៅតាមកន្លែងស្នាក់នៅ និងក្នុងបន្ទាយ ដោយមានបង់លេខសំគាល់ឱ្យបានត្រឹមត្រូវត្រូវ រួមគ្នាថែរក្សាឱ្យបានហ្មត់ចត់ និងចាត់ទុកទ្រព្យសម្បត្តិអង្គភាពដូចជាទ្រព្យរបស់យើងដូច្នោះដែរ៕







































