ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ជួបពិភាក្សាការងារ ជាមួយតំណាងធនាគារ Rabobank នៃប្រទេសនូវែលហ្សេឡង់


នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្នុងដំណើរបំពេញទស្សនកិច្ចការងារ នៅប្រទេសនូវែលហ្សេឡង់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជួបពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ការងារ ជាមួយ តំណាងធនាគារ Rabobank ក្រោមការសម្របសម្រួលពី លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់។

ក្នុងជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍យ៉ាងស៊ីជម្រៅលើការងារក្នុងនាម ធនាគារអភិវឌ្ឍន៍កសិកម្ម ដូចគ្នា ដោយផ្តោតលើចំណុចគន្លឹះៗរួមមាន៖

* ការចែករំលែកបទពិសោធន៍៖ ការគ្រប់គ្រងស្ថាប័នធនាគារ, គោលការណ៍ឥណទាន និងយុទ្ធសាស្ត្រក្នុងការធ្វើការផ្ទាល់ជាមួយកសិករ ក្នុងនាមជាធនាគារឯកទេសអភិវឌ្ឍន៍វិស័យកសិកម្មដូចគ្នា។
* ការអញ្ជើញទស្សនកិច្ចសិក្សា៖ ជាកិច្ចចាប់ផ្តើមនៃទំនាក់ទំនងដ៏ល្អប្រសើរ ឯកឧត្តមបណ្ឌិត កៅ ថាច បានគោរពអញ្ជើញ តំណាងធនាគារ Rabobank ឱ្យមកបំពេញទស្សនកិច្ចសិក្សានៅព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់ផ្ទាល់ពីសក្តានុពលនៃវិស័យកសិកម្ម និងបរិយាកាសហិរញ្ញវត្ថុនៅកម្ពុជា។
* ការផ្ដួចផ្ដើមកិច្ចសហប្រតិបត្តិការ (MoU)៖ ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងនូវសំណើផ្ដួចផ្ដើម ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការផ្លូវការ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាពេលខាងមុខ ដើម្បីជំរុញការចែករំលែកព័ត៌មាន បច្ចេកទេស និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងធនាគារទាំងពីរឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព។

ជំនួបពិភាក្សានេះ គឺជាសញ្ញាណវិជ្ជមានក្នុងការនាំយកនូវបទពិសោធន៍ និងបច្ចេកទេសហិរញ្ញវត្ថុកម្រិតអន្តរជាតិ មកជួយជំរុញផលិតភាព និងទំនើបកម្មវិស័យកសិកម្មក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ ផងដែរ អំពីតួនាទី របស់ ស្ថាប័នទាំងពីរ៖

* ធនាគារ ARDB (កម្ពុជា)៖ ជាធនាគាររដ្ឋដែលបំពេញតួនាទី បំរើ អោយ គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ឥណទាន ទាំងទុនវិនិយោគ និង បង្វិល ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងសេដ្ឋកិច្ចជនបទនៅកម្ពុជា។
* ធនាគារ Rabobank (នូវែលហ្សេឡង់)៖ ជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ ដែលមានឯកទេសខ្ពស់ក្នុងវិស័យកសិកម្ម និងចំណីអាហារ (Food & Agribusiness) ដោយផ្តោតលើការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់កសិករ និងខ្សែច្រវាក់ផលិតកម្មកសិកម្មទូទាំងសកលលោក៕