រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បេីកសិក្ខាសាលាស្តីពីការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា ឆ្ពោះទៅរកភាពធន់ និងនិរន្តរភាព


ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា ឆ្ពោះទៅរកភាពធន និងនិរន្តរភាព ដោយមានការចូលរួមពីលោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA) លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង តំណាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា សាស្ត្រាចារ្យមកពីវិទ្យាស្ថានវិទ្យាសាស្ត្រតូក្យូ ប្រទេសជប៉ុន ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ព្រមទាំងវាគ្មិនកិត្តិយសជាច្រើនរូបទៀត។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ជាវេទិកាសម្រាប់ការពិភាក្សាអំពីបញ្ហាប្រឈម និងកាលានុវឌ្ឍភាពក្នុងវិស័យភស្តុភារកម្មនៅកម្ពុជា ព្រមទាំងបង្ហាញអំពីទស្សនវិស័យនៃដំណើរឆ្ពោះទៅរកភាពធន់ និងនិរន្តរភាព ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។

សិក្ខាសាលានេះក៏មានគោលបំណងចែករំលែកនូវឧត្តមានុវត្តន៍ សម្រាប់ការបង្កើនប្រសិទ្ធភាពភស្តុភារកម្ម និងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ព្រមទាំងចែករំលែកអំពីវឌ្ឍនភាពនៃវិស័យភស្តុភារកម្មនៅកម្ពុជា៕