ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។
កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នាសាលមហោស្រពខេត្តក្រចេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត មន្ត្រីពាក់ព័ន្ធ និងតំណាងអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈមនានា និងដាក់ចេញនូវទិសដៅការងារសំខាន់ៗសម្រាប់ការអនុវត្តបន្តនៅឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាអនុវត្តការងារចុះមូលដ្ឋាន ដើម្បីបម្រើប្រជាពលរដ្ឋ និងរួមចំណែកជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅក្នុងខេត្ត។
ប្រធានក្រុមការងារក៏បានណែនាំឱ្យក្រុមការងារទាំងអស់បន្តពង្រឹងការសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការចុះជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ស្តាប់មតិយោបល់ និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាមួយគ្នានេះកិច្ចប្រជុំក៏បានកំណត់ទិសដៅការងារសំខាន់ៗសម្រាប់ឆ្នាំ២០២៦ ដោយផ្តោតលើការពង្រឹងប្រសិទ្ធភាពការងារចុះមូលដ្ឋាន ការពង្រឹងសមត្ថភាពមន្ត្រី និងការលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
បើតាមរបាយការណ៍របស់ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានឱ្យដឹងថា ជាលទ្ធផល ក្នុងឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានរៀបចំវេទិកាសាធារណៈនៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់បានចំនួន ៧៧លើក មានប្រជាពលរដ្ឋចូលរួមសរុប ១៥ ២៨៤នាក់ ទទួលបានសំណើ សំណូមពរ ពីប្រជាពលរដ្ឋសរុបចំនួន ៦៣៧ករណី បានដោះស្រាយក្នុងវេទិកា ៤៩៧ករណី ស្មើនឹង ៧៨ភាគរយ បានដោះស្រាយនៅថ្នាក់ឃុំ ស្រុក ខេត្ត ៦០ករណី ស្មើនឹង ៩ភាគរយ កំពុងដោះស្រាយនៅថ្នាក់ឃុំ ស្រុក ខេត្ត ៦៥ករណី ស្មើនឹង ១០ភាគរយ មិនទាន់ដោះស្រាយ ៣ ករណី ស្មើនឹង ១ភាគរយ និងស្នើទៅថ្នាក់ជាតិ ១២ករណី ស្មើនឹង ២ភាគរយ។
ឯកឧត្តម វ៉ា ថន បានគូសបញ្ជាក់ថា សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋត្រូវបានក្រុមការងាររាជដ្ឋាភិបាលចុះមូលដ្ឋាន រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ-អង្គភាពជំនាញ បានខិតខំបំភ្លឺ និងដោះស្រាយបានជាច្រើន រីឯបញ្ហាដែលមិនអាចដោះស្រាយបានតាមសំណូមពររបស់ប្រជាពលរដ្ឋ ក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងផ្នែកជំនាញបន្តខិតខំរៀបចំដោះស្រាយជាជំហានៗ ទៅតាមគម្រោងថវិការដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព និងមូលនិធិឃុំ សង្កាត់។
ឯកឧត្តម វ៉ា ថន បានលើកឡើងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងសកម្មក្នុងការជំរុញ និងលើកកម្ពស់ការទទួលខុសត្រូវលើការងារផ្ដល់សេវាសាធារណៈ ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋាន ក្នុងនោះក៏បានផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅចូលរួមដោះស្រាយបញ្ហាប្រឈមជាក្ដីកង្វល់ សំណើ សំណូមពរ និងទំនាស់ក្នុងគោលដៅគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កាន់តែមានប្រសិទ្ធភាពថែមទៀត៕




















