(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវិនិយោគិនអូស្ត្រាលី លើការវិនិយោគក្នុងវិស័យកសិកម្ម ខណៈកម្ពុជាមានកសិផលសក្តានុពលជាច្រេីនប្រភេទ។
ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើងនាឱកាសដែលឯកឧត្តម អញ្ជេីញចូលរួមក្នុងវេទិកាតភ្ជាប់កសិ-ចំណីអាហារអូស្ត្រាលី-កម្ពុជា «Australia-Cambodia Agrifood Connection Forum» នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។
ថ្លែងទៅកាន់អង្គពិធី, ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្រ្តាលី នូវទំនាក់ទំនងល្អ និងយូរអង្វែង ប្រកបដោយភាពរឹងមាំ ហេីយកម្មវិធីនាពេលនេះគឺជាការពង្រឹងនូវភាពជាដៃគូបន្ថែមទៀត ជាពិសេសការវិនិយោគក្នុងវិស័យកសិ-ពាណិជ្ជកម្ម។
ជាមួយគ្នានេះ ឯកឧត្តម បានលេីកឡេីងអំពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម ជូនដល់វិនិយោគិនអូស្រ្តាលី ក្នុងការចូលរួមសហការជាមួយសហគមន៍កសិកម្មទំនេីប ដែលមានប្រព័ន្ធការងារជាក់លាក់ មានខ្សែច្រវាក់ផលិតកម្ម មានធនធានមនុស្សសម្រាប់ផលិតកម្មទំហំធំ និងមានស្តង់ដារបច្ចេកទេសត្រឹមត្រូវ។
ឯកឧត្តមរដ្ឋមន្រ្តី ស្វាគមន៍ដល់រាល់វិនិយោគិនទាំងអស់ ដែលមានបំណងក្នុងការវិនិយោគលេីតភ្ជាប់ខ្សែច្រវាក់តម្លៃទាំងមូល ពោលគឺចាប់ពីការផលិត កែច្នៃវេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈកម្ពុជាមានកសិផលសក្តានុពលជាច្រេីនប្រភេទ ដែលមានគុណភាពល្អប្រណិត និងមានតម្លៃបន្ថែមខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា និងបណ្តាពាណិជ្ជករអូស្រ្តាលី ដែលបានរៀបចំកម្មវិធីនេះឡេីងដេីម្បីផ្គូផ្គងដៃគូកម្ពុជា-អូស្រ្តាលី សំដៅទទួលបានផលចំណេញទាំងអស់គ្នា៕











