(ពោធិ៍សាត់)៖ នាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ នូវវឌ្ឍនភាពការងាររៀបចំសោភណ្ឌភាព និងការដំឡើងប្រព័ន្ធភ្លើងលម្អ នៅលើបុរីវប្បធម៌កោះសំពៅមាស និងតាមបណ្តោយដងវិថីសំខាន់ៗ ក្នុងក្រុងពោធិ៍សាត់ ដើម្បីត្រៀមលក្ខណៈទទួលសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ។
ឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានលើកឡើងថា បុរីវប្បធម៌កោះសំពៅមាស ជាបេះដូងនៃក្រុងពោធិ៍សាត់ ដាច់ខាតត្រូវយកចិត្តទុកដាក់ខ្ពស់ លើការរៀបចំឱ្យក្លាយជាទីតាំងដ៏ទាក់ទាញបំផុត រួមមានការតម្លើងភ្លើងលម្អចម្រុះពណ៌ ការរៀបចំតុបតែងតាមបែបប្រពៃណី ដើម្បីបង្កើនភាពស្រស់ត្រកាលនាពេលរាត្រី។
ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជិតឈានចូលមកដល់ យើងមិនត្រូវបង្អង់ឡើយ។ រដ្ឋបាលខេត្តបាននិងកំពុងជម្រុញការដំឡើងប្រព័ន្ធភ្លើងលម្អចម្រុះពណ៌ និងការរៀបចំសោភណ្ឌភាពនៅតាមដងផ្លូវ និងតំបន់បុរីវប្បធម៌កោះសំពៅមាស ដើម្បីប្រែក្លាយខេត្តពោធិ៍សាត់ ឱ្យទៅជាដែកឆក់ទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើនកុះករ និងផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋយើង។
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ដោយក្តីសោកស្តាយ ចំពោះការប្រែប្រួលនៃព្រឹត្តិការណ៍ប្រារព្ធពិធីបុណ្យទន្លេឆ្នាំនេះ ដែលខេត្តពោធិ៍សាត់យើងគ្រោងនឹងធ្វើជាម្ចាស់ផ្ទះ ហើយត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារស្ថានភាពជម្លោះព្រំដែន កម្ពុជា-ថៃ។ ទោះបីជាយ៉ាងនេះក្តី នេះគឺជាពេលវេលាដ៏ល្អមួយ សម្រាប់រដ្ឋបាលខេត្តពោធិ៍សាត់ មានឱកាសកាន់តែច្រើន ក្នុងការរៀបចំខ្លួន សម្រួចផែនការអភិវឌ្ឍន៍ និងកែលម្អសោភណ្ឌភាពក្រុង ក៏ដូចជាខេត្ត ឱ្យកាន់តែល្អឥតខ្ចោះ។
ក្នុងនាមរដ្ឋបាលខេត្ត លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ សូមអញ្ជើញមកកម្សាន្តនៅខេត្តពោធិ៍សាត់ឱ្យបានច្រើនកុះករ។ ខេត្តបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលស្វាគមន៍បងប្អូន ជាមួយនឹងការរៀបចំសោភណ្ឌភាព សណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន ដែលនឹងធ្វើឱ្យការកម្សាន្តរបស់បងប្អូនពោរពេញដោយភាពរីករាយ និងចងចាំមិនភ្លេច៕















































