រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម វាយតម្លៃខ្ពស់អំពីតួនាទី និងកិច្ចខិតខំប្រឹងប្រែងរបស់សមាគមស្រ្តីក្នុងការជំរុញការចូលរួមរបស់ស្រ្តីក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម


លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) ដឹកនាំដោយលោកជំទាវ ចាន់ ភារី ប្រធានសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបដែល បានធ្វើឡើងនាថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ នាទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសមាគមសហគ្រិនស្រ្តីកម្ពុជា និងបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់អំពីតួនាទីនិងកិច្ចខិតខំប្រឹងប្រែងរបស់សមាគមស្រ្តីក្នុងការលើកកម្ពស់សហគ្រិនស្រ្តី និងអំណាចស្រ្តី ក្នុងការជំរុញការចូលរួមរបស់ស្រ្តីក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ លោកជំទាវប្រធានសមាគមសហគ្រិនស្រ្តី បានរាយការណ៍អំពីសម្មិទ្ធិផលការងារសម្រេចបានសំខាន់ៗនៅក្នុងឆ្នាំ២០២៥ ដែលបានជួយគាំទ្រ និងលើកស្ទួយដល់សហគ្រិនស្រ្តីឱ្យមានភាពប្រកួតប្រជែង និងការចូលរួមក្នុងទីផ្សារអន្តរជាតិ។

ជាការឆ្លើយតប លោកជំទាវរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមកន្លងមក និងបានជម្រាបជូនដល់គណប្រតិភូនូវសម្មិទ្ធិផលសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្មក្នុងការជួយជំរុញនូវបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច ដោយផ្តោតសំខាន់លើសហគ្រិនស្រ្តី ព្រមទាំងបានការគាំទ្រនូវគំនិតផ្គួចផ្តើមថ្មីៗរបស់សមាគម ជាពិសេស ការរៀបចំវេទិកា WEE Market Hub ជាដើម៕