នាថ្ងៃអង្គារ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ លើភ្នំប្រសិទ្ធិ៍ និងការកែលម្អស្រះទឹកនៅជើងភ្នំ ដែលជាទីតាំងស្ថានីយរណប ស្ថិតក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។
ក្រោយពីបានស្តាប់របាយការណ៍វឌ្ឍនភាព និងបទបង្ហាញស្តីពីជំហាននៃការអនុវត្តផែនការសាងសង់របស់ក្រុមវិស្វកររួចមក ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ការណែនាំដល់ក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងនិយាមប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ឯកឧត្តមបានសង្កត់ធ្ងន់លើការផ្ដោតជាចម្បងទៅលើទិដ្ឋភាពសុវត្ថិភាព និងបរិស្ថាន ដើម្បីធានាឱ្យបាននូវគុណភាពសំណង់រឹងមាំតាមបទដ្ឋានវិស្វកម្ម និងបញ្ចប់ការងារឱ្យទាន់តាមកាលវិភាគដែលបានកំណត់។
បន្ទាប់មក ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបន្តចុះពិនិត្យជាក់ស្តែងតាមទីតាំងនីមួយៗ ដែលកំពុងដំណើរការសម្អាត និងរៀបចំរបងការពារសុវត្ថិភាព ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានត្រួតពិនិត្យការដ្ឋានកែលម្អស្រះទឹក និងបរិស្ថានជុំវិញនៅជើងភ្នំប្រសិទ្ធិ៍ ដែលជាទីតាំងសម្រាប់បម្រើឱ្យដំណើរការស្ថានីយរណបនៃស្ថានីយរ៉ាដាតេជោសែនទី២ នេះផងដែរ៕


