នាព្រឹកថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យប្រតិក្រុមហ៊ុនហ្វាំងឡង់ Vaisala និងក្រុមហ៊ុន Trust Global Service ដឹកនាំដោយលោក Ignatius LOW ទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមហ៊ុន ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក Ignatius LOW និងប្រតិភូក្រុមហ៊ុន Trust Global Service និងបានពិភាក្សាអំពីគម្រោងបង្កើនប្រសិទ្ធភាពឧតុនិយម តាមរយៈរ៉ាដាអាកាសធាតុ C-Band ពីប្រទេសហ្វាំងឡង់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពឧតុនិយម និងដើម្បីការពារភាពងាយរងគ្រោះរបស់ប្រទេសកម្ពុជាក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ព្រមទាំងពង្រឹងសមត្ថភាពទប់ទល់នឹងអាកាសធាតុធ្ងន់ធ្ងរ និងបង្កើនសមត្ថភាពក្នុងការព្យាករនិងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ តាមរយៈសេវាឧតុនិយម។
សូមជម្រាបថា ក្រុមហ៊ុន Vaisala ជាក្រុមហ៊ុនរបស់ប្រទេសហ្វាំងឡង់ដែលឈានមុខគេលើពិភពលោកក្នុងការផលិតប្រព័ន្ធព្យាករណ៍ឧតុនិយម ដូចជា Doppler Rada ប្រព័ន្ធរ៉ាដាអាកាសធាតុ និងអាកាសចរណ៍ជាដើម។ ក្រុមហ៊ុនមានបទពិសោធន៍រយៈពេល ៩០ឆ្នាំ និងមានការិយាល័យនៅក្នុងប្រទេសចំនួន១៨ លើពិភពលោក។ ក្រុមហ៊ុន Vaisala ក៏មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការដំឡើង Doppler Rada នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ប្រទេសកម្ពុជាផងដែរ៕


