ឯកឧត្តម សុខ សូកេន បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារ


ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងាររៀបចំសេចក្តីព្រាងប្រកាសស្តីពីក្រមសីលធម៌មន្ត្រី និងបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ច, ផែនការសកម្មភាពការងារអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ ព្រមទាំងឯកសារទស្សនាទាននៃការរៀបចំច្បាប់ស្តីពីអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប នៅទីស្ដីការក្រសួង។

នាឱកាសនៃកិច្ចប្រជុំ លោកជំទាវរដ្ឋលេខាធិការប្រចាំការ និងឯកឧត្តម ដែលជាថ្នាក់ដឹកនាំបានរាយការណ៍អំពីវឌ្ឍនភាពនៃការរៀបចំលិខិតបទដ្ឋានគតិយុត្តទាំងពីរនេះ, ការរៀបចំផែនការផែនការសកម្មភាពការងារអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ និងឯកសារទស្សនាទាននៃការរៀបចំច្បាប់ស្តីពីអធិការកិច្ច។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ដែលបានរៀបចំលិខិតបទដ្ឋានគតិយុត្តទាំងនេះ និងឯកសារសំខាន់ៗ ព្រមទាំងបានផ្តល់អនុសាសន៍សំខាន់ៗក្នុងការរៀបចំកិច្ចការទាំងនេះឱ្យមានលក្ខណៈពេញលេញ សង្គតិភាព និងភាពប្រទាក់ក្រឡា សំដៅធ្វើយ៉ាងណាឱ្យមានសុខដុមនីយកម្មនៃការងារត្រួតពិនិត្យជាប្រព័ន្ធ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចង្អុលបង្ហាញអំពីសារៈសំខាន់នៃយន្តការក្នុងវិស័យដើម្បីចូលរួមពង្រឹងអភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅចូលរួមបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋជារួម។

ជាទីបញ្ចប់ អង្គប្រជុំបានឈ្វេងយល់ ពិភាក្សា និងផ្តល់ធាតុចូលយ៉ាងផុសផុលទៅលើវឌ្ឍនភាពនៃការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងឯកសារសំខាន់ៗរបស់ក្រសួងឱ្យកាន់តែមានភាពប្រសើរ ទន្ទឹមនឹងការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួង។