ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ ដោយមានការចូលរួមពី លោកស្រី យ៉សមីន ស៊ីដឌីហ្គី (Yasmin Siddiqi) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីកម្ពុជា ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ថ្នាក់ដឹកនាំក្រសួង តំណាងប្រធានក្រុមប្រឹក្សាខេត្ត និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមត្រូវបានសាងសង់ឡើងលើផ្ទៃដី ២០,៧ ហិកតា ដែលបានសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២៥ និងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៦។ គម្រោងនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់រយៈពេល ២០ឆ្នាំ សម្រាប់ផ្តល់សេវាកម្មគ្រប់គ្រងសំណល់រឹងដល់ប្រជាពលរដ្ឋចំនួន ៥សង្កាត់ រួមមាន៖ សង្កាត់បាវិត សង្កាត់ព្រៃអង្គុញ សង្កាត់ប្រាសាទ សង្កាត់បាទី និងសង្កាត់ច្រកម្ទេស។
ទីលានទុកដាក់សំរាមនេះ ត្រូវបានរចនាឡើងជា ៥រណ្តៅ ចែកជា ៤ដំណាក់កាល ខណៈដែលគម្រោងស្ថិតក្នុងដំណាក់កាលទី១ ត្រូវសាងសង់ចំនួន ២រណ្តៅ អាចផ្ទុកសំរាមបានចំនួន ៤២៧ ០០០ ម៉ែត្រគូប សម្រាប់ប្រើប្រាស់រយៈពេល ៦ឆ្នាំកន្លះ ដែលនឹងរួមចំណែកក្នុងការលើកកម្ពស់អនាម័យ និងបរិស្ថាន ដើម្បីធានាប្រយោជន៍សុខភាពសាធារណៈជាអតិបរមាសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាវិត៕






























