អភិបាលខេត្តបន្ទាយមានជ័យ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ៣ភូមិជាង២ពាន់បណ្ណ ក្នុងស្រុកអូរជ្រៅ


មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលបាលស្រុកអូរជ្រៅ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងភូមិបន្លិច ភូមិអ្នកតាឈរ ភូមិអញ្ចាញ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្មើនឹង២,៥៨១បណ្ណ ស្ថិតនៅវត្តសំរោង ភូមិសំរោង ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ។

លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ស្រុកអូរជ្រៅ បានចាប់ផ្តើមអនុវត្តការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធចាប់ពី ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ ការចុះបញ្ជី និងចែកវិញ្ញាបនបត្របានរួចរាល់ចំនួន៣ឃុំ (ឃុំកូប ឃុំគុត្តសត និងឃុំសំរោង)។ ដោយឡែកឃុំសំរោង បានចុះបញ្ជី និងចែកវិញ្ញាបនបត្រ រួចរាល់ចំនួន៧ភូមិ នៅចំនួន៣ភូមិ គឺភូមិអ្នកតាឈរ ភូមិបន្លិច និងភូមិអញ្ចាញ ដែលជាភូមិចុងក្រោយនៃឃុំសំរោង។

ចំពោះឃុំអូរបីជាន់ បានបញ្ចប់ការវាស់វែងនៅភូមិបន្ទាយថ្មី ភូមិថ្នល់បត់ និងភូមិអូរបីជាន់ (មួយផ្នែក) ហើយបានបញ្ចប់ការបិទផ្សាយ លើភូមិចំនួន៤ (ភូមិទំនប់ដាច់ ភូមិព្រាវ ភូមិស្នួល ទ្រេត និងភូមិប្រាសាទ) ដោយឡែកភូមិសិលាខ្មែរ ភូមិជោគជ័យ ភូមិព្រៃចាន់ និងភូមិអូរបីជាន់ (មួយផ្នែក) មិនទាន់បានវាស់វែងដោយសារ ជាប់ព្រំប្រទល់ជាមួយប្រទេសថៃ។ ឯឃុំចង្ហា ឃុំសឹង្ហ និងឃុំសូភី បានបញ្ចប់ការវាស់វែង និងរៀបចំឯកសារវិនិច្ឆ័យ ត្រៀមបិទផ្សាយជាសាធារណៈតាមនីតិវិធីផងដែរ។

លោក មាស ដារ៉ា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ ផុតរយៈពេលកំណត់មន្រ្តីជំនាញមន្ទីរ នឹងបន្តចែកបណ្ណជូនបងប្អូនប្រជាពលរដ្ឋ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ ដោយមិនកំណត់រយៈពេល។

នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានបញ្ជាក់អំពីផលប្រយោជន៍នៃបណ្ណ កម្មសិទ្ធិសម្គាល់អចលនវត្ថុរបស់បងប្អូន គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដូចជាការធានាភាពស្របច្បាប់ កាត់បន្ថយជម្លោះពីទំនាស់ដីធ្លី ការផ្ទេរសិទ្ធិ (ជាអំណោយក្ដី ជាការលក់ក្តី) រួមទាំងការដាក់បញ្ចាំនៅធនាគារ ដើម្បីខ្ចីប្រាក់ពង្រីកមុខរបរជាដើម។

ក្នុងនាមអាជ្ញាធរខេត្តបន្ទាយមានជ័យ ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរ ឲ្យអាជ្ញាធរក្រុង-សង្កាត់-ភូមិ ជួយផ្សព្វផ្សាយបំផុសធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធ ចូលរួមសហការក្នុងសកម្មភាពការងារចុះបញ្ជីដីធ្លីនេះឲ្យបានច្រើនជាទីបំផុត និងសូមឲ្យប្រជាពលរដ្ឋ ក្រោយពីទទួលបានបណ្ណកម្មសិទ្ធិនេះហើយ សូមថែរក្សាទុកដាក់ឲ្យបានល្អ និងត្រឹមត្រូវ៕