ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ បានលើកឡើងថា ការបែងចែកគ្នាជាក្រុម ដើម្បីធ្វើការស្រាវជ្រាវ និងសម្ភាសន៍ គឺជាវិធីសាស្ដ្រមួយ ក្នុងការដោះស្រាយបញ្ហា និងបានបង្កើតចំណេះដឹងថ្មីៗបន្ថែមទៀត។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធអគារសិក្សាថ្មី របស់សាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី (AUPP Liger Leadership Academy) នៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានរំលឹកបទពិសោធន៍ពីការសិក្សាមុខវិទ្យា បែបសមាហរណកម្ម ដែលជំរុញឲ្យសិស្សចេះរិះគិត និងស្វែងដំណោះស្រាយឆ្លើយតបតម្រូវការនៅក្នុងសង្គមជាក់ស្តែង។
ឯកឧត្តមរដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានលើកឡើងថា កាលពី១០ឆ្នាំមុន លោកបានជួបស្ថាបនិកសាលាអន្តរជាតិមួយ ហើយទទួលបានគំនិត ពីការបង្កើតកម្មវិធីសិក្សា ដែលផ្ដោតលើការ បណ្ដុះបណ្ដាលសិស្ស ឱ្យក្លាយជាអ្នកគិតបែបវិភាគ (critical thinkers) និងអ្នកដោះស្រាយបញ្ហា (problem solvers)។
ទន្ទឹមគ្នានេះ ឯកឧត្តមបានថ្លែងថា កាលពី១០ឆ្នាំមុន ការបង្រៀនកូដនៅកម្រិតសាលារៀនគឺថ្មីណាស់។ ជាក់ស្តែងសៀវភៅ ស្តីពីសេដ្ឋកិច្ចកម្ពុជា លោកបានចំណាយពេល១០ឆ្នាំសរសេរ។ មួយឆ្នាំក្រោយមក សិស្សានុសិស្សបានត្រឡប់មកវិញ ហើយផ្តល់អំណោយជាសៀវភៅ ស្តីពីសេដ្ឋកិច្ចកម្ពុជាដូចគ្នា ប៉ុន្តែត្រូវបានសរសេរឡើងវិញ ជាភាសាងាយយល់។
ឯកឧត្តមរដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានឲ្យដឹងថា សិស្សបានបែងចែកជាក្រុម ធ្វើការស្រាវជ្រាវ និងសម្ភាសន៍អំពីសេដ្ឋកិច្ចកម្ពុជា រួចសរសេរចេញជាសៀវភៅ ហើយនេះ ជាវិធីសាស្ត្រដោះស្រាយបញ្ហា (problem-solving approach) ដែលអនុញ្ញាតឱ្យសិស្សយល់ច្បាស់ពីបញ្ហា ហើយអាចបង្កើតចំណេះដឹងថ្មីៗ។
ឆ្លៀតក្នុងឱកាសនេះ តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏សូមចូលរួមអបអរសាទរ ដល់គណៈគ្រប់គ្រងសាលា និងភាគីពាក់ព័ន្ធទាំងអស់ ចំពោះវឌ្ឍនភាពថ្មីនេះ។
លោកជឿជាក់ថា សាលា AUPP Liger Leadership Academy នឹងដើរតួនាទីយ៉ាងសំខាន់មួយកម្រិតទៀត ក្នុងការបណ្តុះបណ្តាលសិស្សានុសិស្សកម្ពុជា ឱ្យមានចំណេះដឹង ទូលំទូលាយ មានសមត្ថភាពខ្ពស់ និងក្លាយខ្លួនជាអ្នកដឹកនាំ ដែលចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ នាពេលខាងមុខ។
លោកស្រី Janet Tartaglia នាយិកសាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី បានថ្លែងអំណរគុណដល់ដៃគូ និងមាតាបិតាសិស្ស សម្រាប់ការគាំទ្រ និងទំនុកចិត្តដល់សាលាជាង១០ឆ្នាំមកនេះ។
លោកស្រី បានបន្តថា «រយៈពេលជាងមួយទសវត្សរ៍មកនេះ កម្មវិធីសិក្សាឡៃហ្គឺ បានបង្ហាញថា ពេលដែលសិស្សរបស់ឡៃហ្គឺ ប្រឈមនឹងបញ្ហាពួកគេមានទំនុកចិត្ត ក្នុងដោះស្រាយដោយ ជោគជ័យ។ យើងនឹងផ្តល់ឱ្យសិស្សនូវបរិយាកាសដ៏ល្អ ដើម្បីឱ្យសិស្សអភិវឌ្ឍខ្លួន ជាបុគ្គលមានសមត្ថភាព និងក្លាយជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌ និងមានគំនិតសហគ្រិនភាព»។
សូមជម្រាបថា ការបើកសម្ពោធអគារសិក្សាថ្មី របស់សាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី ជាសក្ខីភាពនៃការរីកចម្រើន ជាបន្តបន្ទាប់នៃកម្មវិធីសិក្សាឡៃហ្គឺ និងប្រសិទ្ធភាពនៃកម្មវិធីស្នាក់នៅ ក្នុងសាលាដែលបានជំរុញឱ្យសិស្សសាលានេះ ទទួលបានលទ្ធផលល្អលើសពីការរំពឹងទុក។
កម្មវិធីសិក្សារបស់សាលា ផ្តោតទៅលើសិស្សជាចម្បង ដោយបញ្ចូលការសិក្សាផ្នែកវិទ្យាសាស្ត្រ ការបណ្តុះបណ្តាលភាពដឹកនាំ ការស្រាវជ្រាវរបស់សិស្ស ការដោះស្រាយបញ្ហាពិតៗក្នុងសង្គម ការអភិវឌ្ឍអត្តចរិត និងជំនាញបំនិនជីវិតសំខាន់ៗ។
ការសិក្សានៅទីនេះ នឹងផ្តោតលើភាពជាអ្នកដឹកនាំដោយផ្តល់បទពិសោធន៍អប់រំ និងការសិក្សាតាមគម្រោង (Project-based learning) តាមរយៈ E-STEAM (សហគ្រិនភាព វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា) ក៏ដូចជាការលើកកម្ពស់ក្នុងការគិតវិភាគ ការដោះស្រាយបញ្ហា និងទំនាក់ទំនង៕

















