នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំអភិបាលក្រុង-ស្រុកទាំងអស់ ត្រូវខិតខំធ្វើយ៉ាងណាទប់ស្កាត់ ការទន្រ្ទានកាប់ដីរដ្ឋដោយខុសច្បាប់ ពីសំណាក់ជនខិលខូចមួយចំនួន ហើយត្រូវចុះបញ្ជីដីរដ្ឋដែលនៅសេសសល់ ឱ្យបានសព្វគ្រប់ ដើម្បីរក្សាទុកជាសម្បត្តិសាធារណៈ សម្រាប់បម្រើប្រយោជន៍ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានបន្តថា អាជ្ញាធរក្រុងស្រុកនិងមន្រ្តីពាក់ព័ន្ធ ក៏ត្រូវពិនឹត្យមើល និងទប់ស្កាត់ដាច់ខាតការរំលោភយកដីចំណីផ្លូវ ប្រឡាយ ព្រែក អូរ និងបឹងបួរ ដែលកន្លងមកបញ្ហានេះ បានកើតមានឡើងនៅក្នុងស្រុកត្រាំកក់ ដែលនាំឱ្យមានការចុះផ្សាយរិះគន់យ៉ាងព្រោងព្រាត។
ក្រៅពីបញ្ហាដីធ្លី ឯកឧត្តម វ៉ី សំណាង បានណែនាំអាជ្ញាធរមូលដ្ឋាន ឱ្យបង្កើនប្រសិទ្ធភាព ក្នុងការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋ តាមរយៈយន្តការ ក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពងាយស្រួល និងរក្សាសុខដុមរមនាក្នុងសហគមន៍៕















