ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំពាវនាវយុវជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវមានស្មារតីចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកក្នុងការពង្រឹង និងលើកស្ទួយខឿនសុខភាពសាធារណៈ ពង្រឹងគុណភាពសេវាសុខាភិបាល។
ការថ្លែងរបស់ឯកឧត្តមអភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមក្នុងពិធីបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់សេចក្តីស្រឡាញ់» ដែលរៀបចំដោយ «ក្លឹបនៃក្តីស្រឡាញ់» នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ សហការជាមួយរដ្ឋបាលស្រុកជ័យសែន ដោយយមានការចូលរួមពីលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ជាអនុប្រធានប្រតិបត្តិ និងជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារ រួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារ សហការការងារបូមឈាមជាមួយមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីមន្ទីរពេទ្យបង្អែក១៦មករា នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តម គីម រិទ្ធី បានថ្លែងនូវក្តីសេចក្តីសោមនស្សរីករាយ និងមានមោទនភាព ដោយបានឃើញថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជន ទាំងអស់បានចូលរួមយ៉ាងច្រើនកុះករ ក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ នាឱកាសនេះ។
ឯកឧត្តមថា សកម្មភាពនេះ គឺបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ អំពីសកម្មភាពមនុស្សធម៌របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង យុវជន យុវនារី ដែលជាសរសរទ្រូងប្រទេសជាតិ និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្គមមានអរិយធម៌ខ្ពស់ ក្នុងការចែករំឡែកសេចក្តីស្រឡាញ់ ជួយយកអាសារគ្នា សាមគ្គីភាព និងការទទួលខុសត្រូវ លើជោគវាសនាសង្គមជាតិរួមគ្នា ក្នុងស្មារតីខ្មែរតែមួយ។
ឯកឧត្តមអភិបាលខេត្តព្រះវិហារ ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនរហូតសម្រេចបាននូវលទ្ធផល ការងារជាច្រើនគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ លោកថ្លែងអំណរគុណក្រុមគ្រូពេទ្យទាំងអស់ ដែលបានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដោយមិនគិតពីភាពនឿយហត់ ជាពិសេសគឺក្នុងអំឡុងពេល នៃសង្គ្រាមឈ្លានពានរបស់ កងទ័ពសៀមកន្លងមក គ្រូពេទ្យដើរតួនាទីយ៉ាងសំខាន់ជាកងទ័ពអាវស ក្នុងការជួយសង្គ្រោះអាយុជីវិតអ្នករបួស និងអ្នកជំងឺ។
ឯកឧត្តម គីម រិទ្ធី ថ្លែងបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ២០២៦នេះ ជាឆ្នាំទី៤ហើយ ដែលយើងបានរៀបចំពិធីបរិច្ចាគឈាមក្នុងស្មារតីមនុស្សធម៌ ក្រោមប្រធានបទ “ ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ ដើម្បីបំពេញតម្រូវការឈាម សម្រាប់ការជួយសង្គ្រោះអាយុជីវិត បងប្អូនប្រជាពលរដ្ឋ និងអ្នកជំងឺ ដែលត្រូវការឈាមសង្គ្រោះបន្ទាន់។ យើងមានផែនការរៀបចំការបរិច្ចាគឈាមនេះ ធ្វើជាវិលជុំក្នុងមួយខែម្តង នៅតាមក្រុង ស្រុក មន្ទីរអង្គភាព កងកម្លាំងទាំង៣ និងនៅសាលាខេត្ត ដើម្បីបម្រុងឈាមក្នុងការបំពេញ តម្រូវការ នៅតាមមន្ទីរពេទ្យ។ ការរៀបចំនេះ បានចង់ក្រងជាបណ្តាញ និងទិន្នន័យប្រភេទឈាមជាក់លាក់មួយ ដើម្បីងាយស្រួលក្នុងការស្វែងរក និងទាក់ទងអ្នកដែលមានប្រភេទឈាម ដែលមន្ទីរពេទ្យត្រូវការមក ជួយសង្គ្រោះអ្នកជំងឺនៅពេលត្រូវការចាំបាច់។
ឯកឧត្តមថ្លែងទៀតថា ដោយសារបញ្ហាសង្គ្រាម យើងក៏ខកខានមួយរយៈ ហើយនាពេលចុង ក្រោយយើងក៏បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅស្រុក រវៀង និងក្រុងព្រះវិហារ ដែលទទួលបានឈាមប្រមាណជា ៣៣៣សាក់ ដែលឈាមបម្រុងនេះ គឺពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ជួយសង្គ្រោះអាយុជីវិតវីរកងទ័ពរងរបួស នៅក្នុងអំឡុងពេលសង្គ្រាម ឈ្លានពានរបស់កងទ័ពថៃ និងអ្នកជំងឺផ្សេងៗទៀត។
ឯកឧត្តមក៏ថ្លែងលើកទឹកចិត្តឱ្យមានការបំផុសចលនា ចូលរួមគាំទ្រសកម្មភាព បរិច្ចាគឈាមប្រកបដោយមនុស្សធម៌ដ៏មានតម្លៃបំផុតនេះ ដើម្បីជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយក្នុងការជួយដល់សង្គមជាតិ និងដើម្បី បំពេញមានតម្រូវការឈាមជាចាំបាច់ក្នុងការជួយសង្គ្រោះអាយុជីវិត។យើងទាំងអស់គ្នាប្តេជ្ញាចិត្តថា មិនឱ្យមានអ្នកជំងឺ ឬអ្នករបួស ណាម្នាក់ស្លាប់ដោយសារខ្វះឈាមឡើយ”។
ឯកឧត្តមថា គិតត្រឹមតែរយៈពេល ៣ខែដើមឆ្នាំក្នុងឆ្នាំ២០២៦នេះ មន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ មានតម្រូវការឈាម គិតជាមធ្យមប្រមាណជា ៣សាក់ក្នុងមួយថ្ងៃ ដើម្បីជួយសង្គ្រោះអាយុជីវិត អ្នករបួស និងអ្នកជំងឺ ហើយភាគច្រើនគឺ ជួយសង្គ្រោះអ្នករងគ្រោះ ថ្នាក់ចរចរណ៍, ការវះកាត់ធំ, ការសម្រាលកូនមិនប្រក្រតី, ជំងឺមហារីក, ជំងឺខ្សោយតម្រងនោម និងគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗ។
ជាមួយគ្នានេះ ឯកឧត្តមអំពាវនាវយុវជន មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវមានស្មារតីចូលរួមបរិច្ចាគ ឈាមដោយស្ម័គ្រចិត្តនេះ ដើម្បីចូលរួមចំណែកក្នុងការពង្រឹង និងលើក ស្ទួយខឿនសុខភាពសាធារណៈ ពង្រឹងគុណភាពសេវាសុខាភិបាល និងការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស ដែលជាអាទិភាព សំខាន់ទី១ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តដឹកប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។
សូមបញ្ជាក់ថា សកម្មភាពបរិច្ចាកឈាមដោយស្ម័គ្រចិត្ត «ផ្តល់ឈាម ផ្តល់សេចក្តីស្រឡាញ់»នាឱកាសនេះ មានអ្នកចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្តចំនួន៦៦នាក់ ស្រី១៥នាក់ ក្នុងនោះ៖ អ្នកមិនមានលក្ខណ្ឌគ្រប់គ្រាន់ក្នុងការបរិច្ចាគឈាម ចំនួន១៦នាក់ ស្រី៥នាក់។ ឈាមដែលបូមបានចំនួន៤៧នាក់(ស្រី១០នាក់) ដោយទទួលបាន៖ក្រុមឈាម O+ ចំនួន ១៧សាក់,ក្រុមឈាម AB+ ចំនួន ១១សាក់,ក្រុមឈាម A+ ចំនួន ៨សាក់,ក្រុមឈាម B+ ចំនួន ១១សាក់៕
























