ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ ក្រោមកិច្ចសហការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តមណ្ឌលគិរី។
ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងថា កម្ពុជាតែងតែគោរព និងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវរាល់បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលកម្ពុជាជារដ្ឋភាគី រួមទាំងអនុសញ្ញាអន្តរជាតិស្តីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ ដែលកម្ពុជាបានផ្តល់សច្ចាប័នតាំងពីឆ្នាំ១៩៨៣។ ភ្ជាប់ទៅនឹងការមិនរើសអើងពូជសាសន៍នេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាបាននូវគោលជំហរមិនរើសអើង បើទោះជាកម្ពុជាមានវិបត្តិជម្លោះព្រំដែនជាមួយប្រទេសថៃក៏ដោយ។ ជាក់ស្តែងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់អនុសាសន៍ណែនាំដល់មន្រ្តីរាជការគ្របជាន់ថ្នាក់ និងប្រជាជនទូទៅឱ្យគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់ជាធរមាន ដោយមិនត្រូវមានការការរើសអើង ឬការប្រើប្រាស់អំពើហិង្សា ឬបង្ករគ្រោះថ្នាក់ផ្សេងៗដល់ប្រជាជន ពលករ ឬអ្នកជំនួញជាជនជាតិថៃ ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ដែលបង្កឱ្យមានការរើសអើងពូជសាសន៍ ឬជនជាតិឡើយ។
លើលពីនេះជនជាតិថៃ ដែលជាប់ឃុំនៅក្នុងពន្ធនាគារ ក៏ទទួលបានការការពារសុវត្ថិភាព ពីការរើសអើងនិងអំពើហិង្សាផងដែរ។ ទាំងនេះគឺជាមូលដ្ឋានយ៉ាងសំខាន់បង្ហាញពីការគោរពតម្លៃពីកំណើតរបស់មនុស្ស និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរក្សាសន្តិភាពជាមួយប្រទេសជិតខាង ផ្ទុយពីយោធាថៃ ដែលបានឈ្លានពាន និងប្រព្រឹត្តទង្វើល្មើសច្បាប់អន្តរជាតិ ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិសព្វបែបយ៉ាង រួមមានការបិទច្រកព្រំដែនដោយឯកតោភាគី ការចាប់ទាហានខ្មែរ ២០រូបដោយខុសច្បាប់ ការចាប់រំលោភបូកពលការិនីកម្ពុជា ការប្រើប្រាស់ អំពើ ហិង្សា លេីពលករខ្មែរ ដែលរស់នៅប្រទេសថៃ និងការប្រើប្រាស់សំឡេងរំខានដោយហ្រ្វេកង់ខ្ពស់ ជាដើម។
ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការពារអធិបតេយ្យភាព និងបូរណភាពទឹកដី តាមរយៈវិធានការការទូត និងច្បាប់ ព្រមយន្ដការនានាទាំងកម្រិតតំបន់អាស៊ាន និងអន្តរជាតិ។
ជាមួយគ្នានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោយបានចេញញត្តិប្តឹងតវ៉ា សេចក្តីថ្លែងការណ៍ ការថ្កោលទោស និងលិខិតផ្សេងៗចំនួន៦០ ព្រមទាំងបានទៅបំពេញបេសកកម្មសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៉ីស ដោយបានជួបពិភាក្សាទ្វេភាគីផ្សេងៗចំនួន ២៩ជំនួប រួមមានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បណ្តាប្រទេសដែលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស ព្រមទាំងអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិតាមវិស័យនានា ដើម្បីប្រាប់ពីស្ថានភាពពិតជាក់ស្តែងនូវទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តមណ្ឌលគិរី ជាពិសេសឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដែលបានចូលរួមសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការផ្សព្វផ្សាយរបាយការណ៍ជាតិពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ ដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាល ព្រមទាំងជំរុញការចូលរួមរបស់អង្គភាពថ្នាក់ក្រោមជាតិក្នុងការបន្ត និងរក្សាការការពារ និង ការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូនអង្គសិក្ខាសាលាអំពីជំហរដាច់ខាតរបស់រាជរដ្ឋាភិបាលកម្ពុជាត្រូវបន្ដទាមទារដែនដីកម្ពុជាដែលថៃបានឈ្លានពានមកវិញ និងបានស្នើឱ្យបន្ដជឿជាក់និងទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះ ព្រមទាំងត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាលក្នុងការការពារនិងកសាងជាតិឱ្យរីកចម្រើនជាលំដាប់៕






















