ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា សុខសន្តិភាព និងសុវត្ថិភាពមានតួនាទីស្នូលដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស ដែលនាំឱ្យក្រសួងមហាផ្ទៃដាក់ចុះនូវគោលនយោបាយជាតិស្តីពីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយមានគោលដៅក្នុងការធានានូវសុវត្ថិភាព និងធានានូវការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ ដែលជាកាគាំទ្រទៅលើគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍប្រទេស។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នាទីស្តីការក្រសួងព័ត៌មាន ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃដឹកនាំដោយឯកឧត្តម អ៊ួច ភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ប្រសិនបើសង្គមមួយពោរពេញទៅដោយអំពើអាណាចារ្យ ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងនៅក្នុងសហគមន៍នោះ យើងអាចស្រមៃថាតើសង្គមរបស់យើង ឬសហគមន៍របស់យើងមានភាពសុខសាន្តដែរឬអត់ ដែលសូម្បីតែគ្រួសារក៏ដូចគ្នា ប្រសិនបើសមាជិកគ្រួសារណាមួយញៀនល្បែងស៊ីសង ឬញៀនគ្រឿងញៀន ប្រាកដណាស់គ្រួសារមួយនោះនឹងត្រូវបំផ្លិចបំផ្លាញជាក់ជាមិនខាន ដែលនាំឱ្យបាត់បង់សុភមង្គលក្នុងគ្រួសារដោយចៀសមិនរួច ដែលចំណុចនេះគឺជាចំណុចសំខាន់ ដែលឯកឧត្តមយល់ថា ការផ្សព្វផ្សាយឱ្យមានការយល់ដឹងអំពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព មិនមែនត្រឹមតែជាមូលដ្ឋានសម្រាប់យើងនៅក្នុងការយកទៅផ្សព្វផ្សាយបន្តទៅដល់ប្រជាពលរដ្ឋនោះទេ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «ប៉ុន្តែ ក្នុងនាមយើងម្នាក់ៗជាប្រជាជនត្រូវតែស្វែងយល់ពីគោលនយោបាយជាតិស្តីពី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនេះក៏ជាមូលដ្ឋានមួយសម្រាប់យើងយល់ដឹងបន្ថែមក្នុងការអប់រំសមាជិកគ្រួសាររបស់យើង អប់រំសហគមន៍របស់យើង អប់រំមន្ត្រីរបស់យើងដែលកំពុងធ្វើការជាមួយគ្នា ហើយថាពាក្យថា ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនេះមិនត្រឹមតែសំដៅទៅលើ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សម្រាប់លោកគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពគឺត្រូវរាប់ចាប់ពីកន្លែងធ្វើការឡើងទៅ ព្រោះកន្លែងធ្វើការរបស់យើងគឺស្ថិតនៅក្នុងមូលដ្ឋាននៃភូមិ ឃុំ សង្កាត់ដូចតែគ្នា។ ដូច្នេះ ប្រសិនបើកន្លែងធ្វើការរបស់យើងមានសុវត្ថិភាព ការបំពេញកិច្ចការងារក៏វាសប្បាយចិត្ត គ្មានការថ្នាំងថ្នាក់ និងគ្មានបញ្ហាអ្វីកើតឡើង»។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា កន្លងទៅនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចុះនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងនោះក្រសួងព័ត៌មានស្ថិតក្នុងចំណោមក្រសួងដំបូងៗ ដែលធ្វើសកម្មភាពចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការធ្វើតេស្តទឹកមូត្រមន្ត្រីរាជការក្រោមឱវាទក្រសួងថាតើមានផ្ទុកសារធាតុញៀន ឬអត់។
ជាលទ្ធផលមន្ត្រីរាជជាង ១ ០០០នាក់ គឺពុំមានផ្ទុកសារធាតុញៀនទេ នេះមានន័យថា មន្ត្រីបានគោរពយ៉ាងខ្ជាប់ខ្ជួននូវការចាកឆ្ងាយពីគ្រឿងញៀន ជាការសម្អាតចកក្នុងបឹង ជាការសន្សុទ្ធមន្ត្រីរាជការរបស់យើងកុំឱ្យមានការប៉ះពាល់គ្រឿង ដែលការប៉ះពាល់គ្រឿងញៀននេះវានឹងប៉ះពាល់ដល់អនាគត ប៉ះពាល់ទៅដល់ការសម្រេចចិត្ត នោះប្រសិនជាអ្នកដែលញៀនថ្នាំធ្លាក់ទៅលើអ្នកដែលមានការសម្រេចចិត្តលើផ្នែកនយោបាយ ឬអ្វីផ្សេងទៀតដែលយើងមិនបានដឹងនៅពេលដែលគាត់សម្រេចចិត្ត ឬនៅពេលគាត់មានបញ្ហាគឺជាគ្រោះថ្នាក់មួយសម្រាប់ក្រសួងស្ថាប័ន និងសម្រាប់ជាតិផងដែរ៕































