អ្នកឧកញ៉ា គិត ម៉េង ដឹកនាំផ្នែកឯកជនចូលរួមកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី២ ឆ្នាំ២០២៥ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន


(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួល ក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំសហប្រធានក្រុមការងារផ្នែកឯកជន និងអនុប្រធាននៃគណ:កម្មការសម្របសម្រួល ក្រុមការងារផ្នែកឯកជន គ.ស.ឯ.រ.ជ រួមនិងក្រុមលេខាធិការដ្ឋានក្រុមការងារផ្នែកឯកជន អញ្ជើញចូលរួមក្នុង កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី២ ឆ្នាំ២០២៥ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមកប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួល ក្រុមការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ)។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់រដ្ឋមន្ត្រីដែលជាសហប្រធានដៃគូជាមួយផ្នែកឯកជន, ក្រុមលេខាធិការដ្ឋានក្រុមការងារផ្នែករដ្ឋាភិបាល, ក្រុមការងារនៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយភាពធន់ (CAPRED) និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បី៖

១. ពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចាប់ ដែលបានដាក់ចេញក្នុងវេទិកា G-PSF លើកទី១៩ សម្រាប់ឆមាសទី២ ឆ្នាំ២០២៥

២. ពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF – SOPs)។​

សូមជម្រាបជូនថា វឌ្ឍនភាពប្រចាំឆមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកា G-PSF លើកទី១៩ សរុបចំនួន១៧៩ មានដូចខាងក្រោម៖

ក). វឌ្ឍនភាពជារួម៖ វិធានការសម្រេចបានពេញលេញមានចំនួន១៦៩ ស្មើនឹង៩៤,៤% កើនឡើងចំនួន ៣ វិធានការ បើធៀបនឹងការអនុវត្តវិធានការក្នុងឆមាសទី១ ឆ្នាំ២០២៥ ខណៈ វិធានការកំពុងត្រូវបានអនុវត្តមានចំនួន ១០ វិធានការ ស្មើនឹង៥,៦% ក្នុងនោះ វិធានការកំពុងត្រូវបានអនុវត្តទាំងអស់ សុទ្ធតែសម្រេចបានវឌ្ឍនភាពសំខាន់ៗ។

ខ). វឌ្ឍនភាពតាមក្រសួង ស្ថាប័ន៖ ក្រសួង ស្ថាប័នដែលមានវឌ្ឍនភាពថ្មីក្នុងការអនុវត្តវិធានការ បានសម្រេចពេញលេញ មានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន ២ វិធានការ (សរុប ៣៧ ស្មើនឹង៩០,២%) និងក្រសួងមហាផ្ទៃចំនួន ១ វិធានការ (សរុប៥ ស្មើនឹង១០០%)។ រីឯ ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម
និងសំណង់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងបន្តអនុវត្តវិធានការ ដោយស្ថិតក្នុងបង្គោលចរទី២។

គ). វឌ្ឍនភាពតាមក្រុមវិធានការ៖ ក្រុមវិធានការដែលមានវឌ្ឍនភាពថ្មី ដែលសម្រេចការអនុវត្តវិធានការបានពេញលេញ មានចំនួន ២ គឺក្រុមវិធានការទី៦ ចំនួន ២(សរុប ២០ ស្មើនឹង ៩០,៩%) និងក្រុមវិធានការទី ១១ ចំនួន ១ (សរុប ៤ ស្មើនឹង៨០%)។

ជារួម បញ្ហាដែលលើកឡើង ក្នុងក្រុមការងារតាមវិស័យក្រោយវេទិកា G-PSF លើកទី១៩ គិតត្រឹមឆមាសទី២ ឆ្នាំ២០២៥ សរុបមានចំនួន ១៩៨ ក្នុងនោះ ១៧៤ ស្មើនឹង៨៧,៩% ត្រូវបានដោះស្រាយរួចរាល់ ហើយបញ្ហាដែលនៅសេសសល់ចំនួន ២៤ ស្មើនឹង ១២,១% កំពុងត្រូវបានដោះស្រាយ សំដៅឈានទៅសម្រេចបានដំណោះស្រាយវិជ្ជមានសម្រាប់វិស័យឯកជន។

គួរបញ្ជាក់ផងដែរថា ស្របតាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានបន្តតាមដានការអនុវត្តវិធានការ កែទម្រង់មុតស្រួចជាកញ្ចប់ និងការដោះស្រាយបញ្ហាជូនវិស័យឯកជន ជាប្រចាំ ដោយបានរៀបចំរបាយការណ៍វឌ្ឍនភាពចំនួន ៣លើក ដោយទទួលបានការឯកភាពពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី និងបានផ្សព្វផ្សាយជូនផ្នែកឯកជន និងសាធារណជនជ្រាបផងដែរ។

របាយការណ៍ប្រចាំឆមាសទី២ ឆ្នាំ២០២៥ ជារបាយការណ៍លើកទី៤ និងមានវិសាលភាពគ្របដណ្តប់ វឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកា G-PSF លើកទី១៩ និងវឌ្ឍនភាពនៃការដោះស្រាយបញ្ហាប្រឈម ដែលលើកឡើងដោយវិស័យឯកជន ក្រុមការងារតាមវិស័យ ដែលនៅសេសសល់តាំងពីឆ្នាំ២០២៤មក និងបញ្ហាប្រឈមថ្មីៗក្នុងឆមាសទី២ ឆ្នាំ២០២៥៕