ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Paola Pampaloni នាយិការងទទួលបន្ទុកអាស៊ី-ប៉ាស៊ីហ្វិក នៃមន្ទីរការបរទេសអឺរ៉ុប ក្នុងឱកាសដែលលោកស្រីអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ក្នុងជំនួបនោះ ភាគីទាំងពីរបានបង្ហាញនូវក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃភាពជាដៃគូយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏រស់រវើករវាងកម្ពុជា និងសហភាពអឺរ៉ុប។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានចាត់ទុកថាជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ក្រៅពីបញ្ហាសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ ជាពិសេសការវិវត្តចុងក្រោយនៃស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតក្នុងឱកាសនោះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាពអឺរ៉ុប ដែលបានផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹកកម្ពុជាដែលរងផលប៉ះពាល់ពីជម្លោះព្រំដែននេះ ដែលបង្ហាញពីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាមនុស្សធម៌។





