សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ពន្យល់ពីមូលហេតុ ដែលភូមិឋានរីកចម្រើនហើយ បានមានប្រព័ន្ធទឹកស្អាត និងផ្លូវសាធារណៈ​តាមក្រោយ


(ស្វាយរៀង)៖ ថ្លែងចេញពីទឹកដី នៃខេត្ដស្វាយរៀង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានពន្យល់អំពីមូលហេតុ ដែលភូមិឋានរីកចម្រើនហើយ បានមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងប្រព័ន្ធផ្លូវសាធារណៈ​ ទៅដល់តាមក្រោយ ពោលគឺជាការអនុវត្តសេដ្ឋកិច្ចទីផ្សារ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្វាយរៀង ខេត្ដស្វាយរៀង ជាមួយទុនវិនិយោគ សរុបប្រមាណ៣០លានដុល្លារ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «មានបងប្អូនខ្លះសួរថា ចុះម្ដេចបានជាប្រព័ន្ធទឹកស្អាត និងប្រព័ន្ធផ្លូវសាធារណៈ​ កន្លែងខ្លះយឺតម្ល៉េះ និងកន្លែងខ្លះ រីកចម្រើនទៅហើយ បានមានជាបន្ដបន្ទាប់ ព្រោះវាទាក់ទងនឹងប្រព័ន្ធសេដ្ឋកិច្ច ប្រព័ន្ធទីផ្សារ និងប្រព័ន្ធសេរីភាព»។

សម្ដេចបវរធិបតី បានឲ្យដឹងថា បើសិនជាធ្វើសេដ្ឋកិច្ចផែនការ ចង់ពង្រីកភូមិនៅកន្លែងណា ដាក់ផែនការ ហើយរៀបចំហេដ្ឋារចនាសម្ព័ន្ធ បានធ្វើទៅរួច ប៉ុន្ដែកន្លងទៅ គឺអនុវត្ដ សេដ្ឋកិច្ចទីផ្សារ ជាពិសេសទីផ្សារដីធ្លី ដែលកើនលឿន។ កន្លែងខ្លះ បង្កើតបុរី និងបង្កើតកន្លែងផ្សេងៗ លឿនជាងប្រព័ន្ធផែនការ ការអនុវត្ដហេដ្ឋារចនាសម័្ពន្ធ របស់រាជរដ្ឋាភិ​បាល។

ទន្ទឹមគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ផងដែរថា ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងត្រូវពង្រឹកជាបន្ដបន្ទាប់ ទាំងប្រព័ន្ធទឹកស្អាត និងផ្លូវ។

បើតាមសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត, គិតត្រឹមឆ្នាំ២០២៥ កម្ពុជាមានសមត្ថភាពផលិតទឹកស្អាត សរុបប្រមាណ១.៥លាន ម៉ែត្រគូបក្នុងមួយថ្ងៃ និងបណ្តាញបំពង់ចែកចាយទឹក ប្រវែងប្រមាណ៤០,៥០០គីឡូម៉ែត្រ ដែលអាចផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ប្រមាណ៨,០០០ភូមិ នៃរាជធានី-ខេត្ត ទាំង២៥។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល មានយុទ្ធសាស្ត្រច្បាស់លាស់ សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយផ្តោតលើការលើកកម្ពស់សេដ្ឋកិច្ចបៃតង, ការពង្រឹងអភិបាលកិច្ចបរិស្ថាន និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ អាចឆ្លើយតបទៅនឹងសេចក្តីត្រូវការ, ទាំងពេល បច្ចុប្បន្ន និងអនាគត។

រាជរដ្ឋាភិបាល នឹងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគន្លឹះ រួមទាំង ការផ្គត់ផ្គង់ទឹកស្អាត, អនាម័យ, និង ប្រព័ន្ធគ្រប់គ្រងសំណល់ នៅទូទាំងប្រទេសកម្ពុជា, ស្របតាមទិសស្លោក «ទីណាមានទឹកស្អាត, ទីនោះនឹងមានការផ្លាស់ប្តូរជាសេដ្ឋកិច្ច» ព្រមទាំងបន្តលើកកម្ពស់ អភិបាលកិច្ច ការថែទាំ និង ការប្រើប្រាស់ ក្នុងវិស័យទឹកស្អាត៕