(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់អនុសាសន៍៥ចំណុចដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដើម្បីជំរុញការអភិវឌ្ឍ និងការគ្រប់គ្រង វិស័យទឹកស្អាតឱ្យមានប្រសិទ្ធភាព គុណភាព សុវត្ថិភាព ថ្លៃសមរម្យ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក៏ដូចជា សហគ្រាស រោងចក្រឧស្សាហកម្ម។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។
នាឱកាសនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ព្រមទាំង ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ-បុគ្គលិក គ្រប់លំដាប់ថ្នាក់ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជា អង្គភាពរដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករទឹកស្អាតឯកជន ដែលបាននិងកំពុងខិតខំអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបំពេញបេសកកម្មផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ប្រកបដោយ សីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ស្របតាម គោលការណ៍ណែនាំស្ដង់ដាបច្ចេកទេស និងលិខិតបទដ្ឋានគតិយុត្តជាធរមាន រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ក្នុងវិស័យទឹកស្អាត។
ក្នុងគោលបំណងចូលរួមលើកកម្ពស់ ការអភិវឌ្ឍ និង ការគ្រប់គ្រង វិស័យទឹកស្អាតឱ្យមានប្រសិទ្ធភាព គុណភាព សុវត្ថិភាព ថ្លៃសមរម្យ ព្រមទាំង ឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការ ជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ជាអនុសាសន៍មួយចំនួន ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ត្រូវ៖
*ទី១៖ បន្តសហការជិតស្និទ្ធជាមួយ ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាតឱ្យបានជាអតិបរមា, ដោះស្រាយប្រភពទឹកឱ្យបានគ្រប់គ្រាន់ និងចៀសវាងផលប៉ះពាល់អវិជ្ជមានចំពោះបរិស្ថានសំដៅឱ្យការផ្គត់ផ្គង់ទឹកស្អាត សម្រេចបានលក្ខខណ្ឌគោលទាំង៤ គឺគុណភាព សុវត្ថិភាព និរន្តរភាព និង ថ្លៃសមរម្យ។
ទន្ទឹមនេះ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសិក្សាលទ្ធភាព អភិវឌ្ឍប្រព័ន្ធទឹកបន្ថែមក្នុងខេត្តស្វាយរៀង និងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាមួយ «ព្រែកជីកហ្វូណនតេជោ» ដើម្បីមានប្រភពទឹកបន្ថែម ប្រកបដោយនិរន្តរភាព សម្រាប់ការប្រើប្រាស់ពហុវិស័យ។
*ទី២៖ បន្តជំរុញការអនុវត្ត «គោលនយោបាយថ្លៃទឹកស្អាត ប្រកបដោយសមធម៌» ព្រមទាំងពង្រឹងតួនាទីជាយុទ្ធសាស្ត្ររបស់រដ្ឋ ក្នុងការធានាការផ្គត់ផ្គង់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ និងទាន់ពេលដល់ប្រជាពលរដ្ឋ, រោងចក្រ, សហគ្រាស, តំបន់ឧស្សាហកម្ម, តំបន់សេដ្ឋកិច្ចពិសេស, តំបន់កសិ-ឧស្សាហកម្ម, បណ្ដុំសហគ្រាសធុនតូច និង មធ្យម, និងទីប្រជុំជនដែលមានសកម្មភាពសេដ្ឋកិច្ច និង នគរូបនីយកម្ម រីកចម្រើន ឆាប់រហ័ស។
*ទី៣៖ បន្តដឹកនាំការពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាត ទាំងក្នុង និង ក្រៅ ទីប្រជុំជន តាមរយៈ ការលើកទឹកចិត្តវិស័យឯកជនឱ្យចូលរួមវិនិយោគបន្ថែម ។ ទន្ទឹមនេះ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន តាមរយៈ ការគ្រប់គ្រងអាជ្ញាបណ្ណទឹកស្អាត ឱ្យបានម៉ឺងម៉ាត់ និងពង្រឹងសមត្ថភាពរបស់ប្រតិបត្តិករឯកជន
*ទី៤៖ ពង្រឹងកិច្ចសហការ ជាមួយគ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជន ព្រមទាំង ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដែលវិស័យទឹកស្អាតកំពុងជួបប្រទះ ជាពិសេស ការធានាបាននិរន្តរភាពប្រភពទឹក និងប្រភពទឹកដែលគ្មានការបំពុល ។ ទន្ទឹមនេះ សូមអតិថិជនទាំងអស់ចូលរួម «យុទ្ធនាការប្រើប្រាស់ទឹកដោយ សំចៃ» ដើម្បីគាំពារបរិស្ថាន ក៏ដូចជាធានាបាននូវ «ទឹកស្អាតសម្រាប់ទាំងអស់គ្នា» និង រក្សានិរន្តរភាព នៃសេវាផ្គត់ផ្គង់ទឹកស្អាត នៅកម្ពុជា។
*ទី៥៖ បន្តជំរុញស្វយ័តកម្ម រដ្ឋាករទឹកស្អាតនៅតាមទីប្រជុំជន និង លើកទឹកចិត្តឱ្យមានការវិនិយោគលើវិស័យទឹកស្អាត ក្នុងភូមិសាស្ត្រអាទិភាព ដោយត្រូវគិតគូរ ទាំងលើទិដ្ឋភាព សេដ្ឋកិច្ច និងសង្គម ព្រមទាំងកៀរគរហិរញ្ញប្បទានដែលមានលក្ខណៈសម្បទានខ្ពស់ និងហានិភ័យទាប ដើម្បីឱ្យអង្គភាពរដ្ឋាករទឹកសាធារណៈ ទទួលបានប្រាក់ចំណេញខ្ពស់ ដែលនឹងជួយទ្រទ្រង់ដល់កំណើនរយៈពេលវែង និងការពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាតទៅដល់តំបន់ដែលមានសក្ដានុពលទាប ឬតំបន់ដែលស្ទើរតែគ្មានសក្តានុពល៕



























