សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ខេត្តស្វាយរៀង ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដោយសារការរីកចម្រើនផ្នែកឧស្សាហកម្ម ពាណិជ្ជកម្មឆ្លងដែន និងការកើនឡើងនៃការវិនិយោគពីក្រៅប្រទេស


(ស្វាយរៀង)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ខេត្តស្វាយរៀង គឺជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដោយសារការរីកចម្រើនផ្នែកឧស្សាហកម្ម, ពាណិជ្ជកម្មឆ្លងដែន និងការកើនឡើងនៃការវិនិយោគពីក្រៅប្រទេស។ ទោះបីការរីកចម្រើននេះ នាំមកនូវបញ្ហាប្រឈមមួយចំនួន ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ ពិតជាបានជួយសម្រួល និងដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់ប្រជាពលរដ្ឋ ធុរៈជន និងវិនិយោគិន។

ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្វាយរៀង ជាមួយទុនវិនិយោគសរុបប្រមាណ ៣០.៦លានដុល្លារអាេមរិក និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ រួមមាន៖ ខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងខេត្តមណ្ឌលគិរី ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខេត្តស្វាយរៀង គឺជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដោយសារការរីកចម្រើនផ្នែកឧស្សាហកម្ម, ពាណិជ្ជកម្មឆ្លងដែន, និងការកើនឡើងនៃការវិនិយោគពីក្រៅប្រទេស។ ទោះបីការរីកចម្រើននេះ នាំមកនូវបញ្ហាប្រឈមមួយចំនួន ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ ពិតជាបានជួយសម្រួល និងដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់ប្រជាពលរដ្ឋ ធុរជន និងវិនិយោគិន»

ជាមួយគ្នានេះដែរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅពេលធ្វើដំណើរមកខេត្តស្វាយរៀង សម្តេចបានឃើញដីនៅសល់ទំនេរច្រើន និងសង្ឃឹមថា នៅថ្ងៃខាងមុខ នឹងមានរោងចក្រឧស្សាហកម្មកាន់តែមានច្រើនបង្កើតឡើងនៅក្នុងខេត្តស្វាយរៀង។ ចំពោះចំណុចនេះ ទីតាំងរោងចក្រឧស្សាហកម្មមិនត្រឹមតែប្រមូលម្តុំនៅតែទីក្រុងបាវិតនោះទេ ប៉ុន្តែ នឹងអាចពង្រីកបន្ថែមទៀតផងដែរ។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលលកម្ពុជា ក៏បានបង្ហាញសង្ឃឹមថាយ៉ាងយូរ ២០ឆ្នាំទៀត ខេត្តស្វាយរៀងនឹងក្លាយទៅជាបណ្ដុំនៃរោងចក្រ ឧស្សាហកម្មដ៏ធំមួយរបស់ប្រទេសកម្ពុជា។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសញ្ជាក់ថា ប្រសិនបើឧស្សាហកម្មរីកនៅខេត្តស្វាយរៀង មិនយូរមិនឆាប់នឹងរីកចម្រើនដល់ខេត្តព្រៃវែង ប្រៀបដូចទិសខាងលិច នៃប្រទេសកម្ពុជា ដូចជា៖ រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ជាដើម។ ដូច្នេះ ជឿជាក់ថា ខេត្តស្វាយរៀង ដែលមានសក្តានុពលនេះ ព្រមទាំងបន្ថែមនូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធ រួមទាំងប្រព័ន្ធទឹកស្អាត គឺជាចំណែកមួយយ៉ាងសំខាន់ជួយដល់ផ្នែកឧស្សាហកម្មផងដែរ។

បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការៀបចំឱ្យមានគ្រប់បែបយ៉ាង រួមទាំងធនធានមនុស្សនឹងអាចជំរុញខេត្តស្វាយរៀង ឱ្យក្លាយទៅជាខេត្ដដែលមានសក្តានុពលសេដ្ឋកិច្ចធំ ខណៈពីអតីតកាលខេត្តស្វាយរៀង និងខេត្តព្រៃវែង ពិបាករកការវិនិយោគ ដីមិនសូវអំណោយផលលើវិស័យកសិកម្ម ប៉ុន្តែ ខេត្តស្វាយរៀង បានប្រែក្លាយទៅជាបណ្តុំរោងចក្រ ឧស្សាហកម្ម បង្កើតឱ្យកាសការងារជាច្រើនកន្លែងជូនប្រជាពលរដ្ឋកម្ពុជា។

គួរឱ្យដឹងថា គិតមកដល់ពេលបច្ចុប្បន្ននេះ ក្នុងចំណោម រាជធានីខេត្តទាំង២៥ នៅទូទាំងប្រទេស ខេត្តស្វាយរៀង ជាខេត្តលេខ១ ដែលមាន តំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេចំនួន ១២កន្លែង និងមានរោងចក្រ សហគ្រាស ក្រុមហ៊ុន ឯកជនរហូតដល់ ១.០៣៦កន្លែង ហើយក្រុង ស្រុក ចំនួន៦ ក្នុងចំណោម ក្រុង ស្រុកទាំង៨ គឺសុទ្ធតែមានតំបន់សេដ្ឋកិច្ចពិសេស ឬរោងចក្រស្ថិតនៅ លើកលែងតែស្រុករមាសហែក និងស្រុករំដួលប៉ុណ្ណោះដែលពុំទាន់មាន។

ប៉ុន្តែនៅក្នុងមូលដ្ឋានស្រុកទាំងពីរនេះក៏មានការវិនិយោគ តាមរយៈកិច្ចសហការគ្នារវាងពាណិជ្ជករកម្ពុជា និងពាណិជ្ជករវៀតណាមផងដែរ លើការដាំដុះដំណាំអំពៅស្ករ ហើយផលដែលទទួលបានជាវត្ថុធាតុដើមនឹងត្រូវនាំចេញទៅកាន់ប្រទេសវៀតណាម៕