អភិបាលខេត្តតាកែវ បង្ហាញពីសក្តានុពលកសិកម្ម និងទេសចរណ៍ក្នុងខេត្តតាកែវ ដល់ក្រុមហ៊ុនជាង៧០ នៅខេត្តសានទុង ប្រទេសចិន


នៅឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំខួបទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន-ចិន និងពិធីដាក់ឱ្យដំណើរការ «ឆ្នាំនៃការផ្លាស់ប្តូរ និងសហប្រតិបត្តិការរវាងខេត្តសានទុង (ចិន) និងអាស៊ាន ឆ្នាំ២០២៦» នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ នៅខេត្តសានទុង ប្រទេសចិន អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានធ្វើបទបង្ហាញពីសក្ដានុពលដ៏សំខាន់ៗ នៅក្នុងខេត្តតាកែវ ជូនដល់ក្រុមហ៊ុនជាង៧០មកពីបណ្តាប្រទេសអាស៊ាន និងខេត្តសានទុង ប្រទេសចិន។

លោកអភិបាលខេត្តតាកែវ បានលើកបង្ហាញយ៉ាងច្បាស់នូវកាលានុវត្តភាព និងសក្តានុពលសំខាន់ៗ លើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ទេសចរណ៍ ហើយខេត្តតាកែវ និងប្រជាពលរដ្ឋជាងមួយលាននាក់ ដែលមានភាពស្វាហាប់ឧស្សាហ៍ព្យាយាម សម្រាប់តម្រូវការការងារនៅក្នុងរោងចក្រសហគ្រាស។

ឯកឧត្តម វ៉ី សំណាង ក៏បានលើកឡើងពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស ដែលតភ្ជាប់ទៅនឹងខេត្តតាកែវ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីបណ្តាវិនិយោគិនចិន និងអ្នកវិនិយោគអាស៊ាន ដែលបានចូលរួមក្នុងវេទិកានេះ ឲ្យចូលមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវ ហើយក្នុងនាមអាជ្ញាធរ និងជួយបង្កលក្ខណៈងាយស្រួល និងជួយសម្របសម្រួលគ្រប់បែបយ៉ាងជូនដល់ក្រុមអ្នកវិនិយោគ៕