លោកជំទាវ ឃួន ឃុនឌី អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អាគារសិក្សាថ្មី១ខ្នង និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាវល្លិ៍យាវ ស្រុកកំពង់ស្វាយ


លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារសិក្សាថ្មី១ខ្នង មាន៦បន្ទប់ កម្ពស់២ជាន់ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាវល្លិ៍យាវ ឃុំពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ។

នាឱកាសនោះលោកស្រី បាននាំនូវក្ដីនឹករលឹក និងការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ ដែលមានវត្តមាននៅទីនេះ ពិសេសក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានគន្លឹះអាទិភាពចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ជាពិសេសគឺ បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់ៗ នៃការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោកជំទាវបានបន្តថា សមិទ្ធផលជាអគារសិក្សាថ្មីនេះ មិនត្រឹមតែបានចូលរួមចំណែកជួយបម្រើ និងបំពេញតម្រូវការចាំបាច់ផ្នែកហេដ្ឋារចនាសម្ព័ន្ធអប់រំ និងឆ្លើយតបតម្រូវការចាំបាច់ ដល់ការសិក្សានៅទីនេះ ដើម្បីធានាក្នុងការសិក្សាសមតាមបំណងប្រាថ្នា និងការទទូចចង់បានរបស់ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងសាលាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លើយតប បានទាន់ពេលវេលា ស្របតាមគោលដៅអភិវឌ្ឍន៍ សហសវត្សកម្ពុជារបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យអប់រំ សំដៅដល់ការកសាងនូវធនធានមនុស្ស ប្រកបដោយសមត្ថភាពគ្រប់គ្រាន់ នៅក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យ ហើយបានបញ្ជាក់ឲ្យឃើញពីការទទួលខុសត្រូវ និងការគិតគូរយកចិត្តទុកដាក់ចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការអភិវឌ្ឍវិស័យអប់រំ។

លោកជំទាវ ឃួន ឃុនឌី បានថ្លែងនូវការអរគុណចំពោះការចូលរួមចំណែករបស់មន្ត្រីរាជការ និងសប្បុរសជននានា ដែលបានគិតគូរ និងផ្តល់ជំនួយ ក្នុងការកសាងអាគារសិក្សានេះឡើង ហើយពិតបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយគាំទ្រដល់ការបណ្តុះបណ្តាល អភិវឌ្ឍធនធានមនុស្ស នៅក្នុងមូលដ្ឋាន ក៏ដូចជាការលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ជាពិសេសមាតាបិតាសិស្ស ដែលតែងតែសង្ឃឹមថា សិស្សានុសិស្ស និងកូនចៅរបស់ខ្លួនអាចមានលទ្ធភាព បានចូលរៀននៅក្នុងសាលារៀនល្អផងដែរ៕