អភិបាលខេត្តកំពង់ចាម ដឹកនាំពិនិត្យវឌ្ឍនភាព នៃការរៀបចំសង្ក្រាន្ដឆ្នាំថ្មី, លៀសហាល ៥តោន ត្រៀមសម្រាប់ពលរដ្ឋទទួលទាន ក្នុងថ្ងៃសង្ក្រាន្ដទីពីរ


អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា សង្ក្រាន្តកំពង់ចាមឆ្នាំនេះ គឺរដ្ឋបាលខេត្តបានត្រៀមជាស្រេចនូវលៀសហាល ទម្ងន់៥តោន ដើម្បីសម្រាប់ប្រជាពលរដ្ឋ ចូលរួមទទួលទានដោយឥតគិតថ្លៃ ក្នុងថ្ងៃសង្ក្រាន្តទីពីរ គឺថ្ងៃទី១៥ ខែមេសាខាងមុខនេះ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្នុងពេលដឹកនាំកិច្ចប្រជុំគណៈកម្មការដើម្បីពិនិត្យវឌ្ឍនភាព នៃការរៀបចំវេទិកាសង្ក្រាន្តឆ្នាំថ្មី នៅក្នុងខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណដល់លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអភិបាលក្រុង ស្រុក ព្រមទាំងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដែលខិតខំប្រឹងប្រែងសម្រេចបាន នូវសមិទ្ធផលជាបន្តបន្ទាប់ ក្នុងការរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះ។ ជាមួយគ្នានោះ ចំពោះបណ្តាស្រុកទាំង៩ ក្នុងខេត្តកំពង់ចាម ក៏មានផលិតផលរបស់ខ្លួនដើម្បីដាក់បង្ហាញ ក៏ដូចជាការផ្ដល់ជូនដល់ប្រជាពលរដ្ឋទទួលទានដោយឥតគិតថ្លៃ នៅក្នុងថ្ងៃសង្ក្រាន្តទី២ គឺថ្ងៃទី១៥ ខែមេសា។

លោកអភិបាលខេត្ត បានបញ្ជាក់ថា សង្ក្រាន្តកំពង់ចាមមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា រដ្ឋបាលខេត្ត ក៏ត្រៀមរៀបចំអាហារសម្រន់សម្រាប់ប្រជាពលរដ្ឋទទួលទានដោយឥតគិតថ្លៃផងដែរ គឺលៀសហាលទម្ងន់៥តោន នៅថ្ងៃទីពីរនៃថ្ងៃសង្ក្រាន្ត គឺថ្ងៃទី១៥ ខែមេសា៕