រដ្ឋមន្ត្រី ហួត ហាក់៖ កីឡាជាស្ពានចម្លងសន្តិភាព ជំរុញទេសចរណ៍កម្ពុជា


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងភរិយា រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីរត់កម្សាន្តមហាជន ចម្ងាយ៥គីឡូម៉ែត្រ ក្នុងគោលបំណងដើម្បីអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់២៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ, ការលើកកម្ពស់សុខភាពសាធារណៈ បង្កើនការចូលរួមរបស់យុវជន និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍តាមដងទន្លេ។

ពិធីដ៏វិសេសវិសាលនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ផ្នែកឯកជន យុវជនស.ស.យ.ក បងប្អូនប្រជាពលរដ្ឋ និងអត្តពលិកសរុបចំនួនជាង ២,៥០០នាក់។

ក្នុងឱកាសដ៏សែនមនោរម្យនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានចាត់ទុកវិស័យទេសចរណ៍ ជា «មាសបៃតង» និង «កីឡារស់ក្នុងសន្តិភាព»។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានបន្តថា ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ ប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងចន្ទល់សេដ្ឋកិច្ចជាតិដ៏សំខាន់មួយ និងបានបន្តយកចិត្តទុកដាក់លើវិស័យកីឡា ដោយបានដាក់ចេញនូវពាក្យស្លោក «កីឡារស់ប្រកបដោយសុខដុមរមនា ក្នុងសង្គមក្រោមម្លប់សន្តិភាព» និង «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» ព្រមទាំងការជំរុញនូវចលនា «ប្រជាជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត»។

សូមបញ្ជាក់ថា សកម្មភាពកីឡានៅពេលនេះ មិនត្រឹមជួយដល់សុខភាពរាងកាយ សុខភាពផ្លូវចិត្ត កាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ ប៉ុណ្ណោះទេ ថែមទាំងជួយឲ្យស្មារតីស្រស់ថ្លា ការកម្សាន្ត ការបង្កើនភាពជឿជាក់លើខ្លួនឯង បង្កើនទំនាក់ទំនង ពង្រឹងស្មារតីឯកភាព-សាមគ្គីភាពរឹងមាំ បណ្ដុះស្មារតីមិនបោះបង់ និងការខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅ៕