ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី! នាយឧត្តមសេនីយ៍ ស ថេត ជួបសំណេះសំណាលជាមួយកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគ៥ ខេត្តបន្ទាយមានជ័យ


ក្នុងនាមតំណាងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបន្ដអញ្ជើញជួបសំណេះសំណាល ជាមួយកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគ៥ ខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

លោកឧត្តមសេនីយ៍ទោ ស៉ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក បានធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាពទូទៅ នៃកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគ៥ និងសភាពការណ៍វិវឌ្ឍន៍ថ្មីៗ នៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ ព្រមទាំងការប្រុងស្មារតីខ្ពស់ជាប់ជានិច្ចរបស់កងកម្លាំងនគរបាល ជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារបូរណភាពទឹកដី។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលការពារព្រំដែននៃទិសភូមិភាគទី៤ ដែលកំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សូមមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនប្រទេសជាតិមាតុភូមិ។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ឯកភាពតាមរបាយការណ៍ របស់លោកឧត្តមសេនីយ៍ទោ ស៉ឹម សំអាត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។ នាយឧត្តមសេនីយ៍ ស ថេត បានបង្ហាញការស្ញប់ស្ញែងចំពោះការបំពេញតួនាទីភារកិច្ចរបស់កម្លាំងនគរបាល ដែលបានប្រកៀកស្មារយ៉ាងរឹង តស៊ូក្រាញននៀល ជាមួយកងយោធពលខេមរភូមិន្ទ ប្រឆាំងការទន្ទ្រានឈ្លានពានពីប្រទេសជិតខាង។

នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យពង្រឹង និងយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ ដើម្បីផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើស ឲ្យបានទាន់ពេលវេលា កងកម្លាំងនគរបាលទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ដើម្បីទទួលបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងបូរណភាពទឹកដី ដែនអធិបតេយ្យជាតិកម្ពុជា៕