មន្រ្តីជាន់ខ្ពស់សង្គមកិច្ច៖ សៀវភៅគោលការណ៍ណែនាំ ស្តីពី «ការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទានៅតាមសហគមន៍» ដើរតួនាទីជាផែនទីបង្ហាញផ្លូវសម្រាប់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាទាំងអស់


ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ និងជាតំណាង លោក​ ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងអបអរសាទរចំពោះសមិទ្ធផលថ្មី ដែលមូលនិធិជនពិការ និងអង្គការ Humanity & Inclusion (HI) តាមរយៈគម្រោង AT Scale បានសហការគាំទ្រទាំងផ្នែកបច្ចេកទេសនិងផ្នែកហិរញ្ញវត្ថុ ដើម្បីចងក្រងបង្កើតជាសៀវភៅគោលការណ៍ណែនាំស្តីពី ការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាតាមសហគមន៍។

ឯកឧត្តមបន្តថា សៀវភៅគោលការណ៍ណែនាំស្តីពីការផ្តល់សេវាស្តារលទ្ធភាព ពលកម្មកាយសម្បទានៅតាមសហគមន៍នេះ នឹងដើរតួនាទីជា ផែនទីបង្ហាញផ្លូវសម្រាប់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាទាំងអស់ មានបទដ្ឋានអនុវត្តរួមមួយក្នុងការរៀបចំ និងពង្រឹងសេវាស្តារលទ្ធភាពពលកម្មកាយសម្បទានៅតាមសហគមន៍ នៃតំបន់គ្របដណ្តប់របស់ខ្លួន ដើម្បីធានាបាននូវគុណភាពនៃការផ្តល់សេវាជាមួយនឹងភាពប្រាកដថា វិធីសាស្ត្រ និងដំណើរការអនុវត្តប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងការផ្សព្វផ្សាយសេវាកម្មរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងជួយដោះស្រាយឧបសគ្គផ្នែករូបវន្តហិរញ្ញវត្ថុ និងផ្នែកមធ្យោបាយ ធ្វើដំណើរចំពោះការទទួលបានសេវាដែលជនពិការមួយចំនួនប្រឈមផងដែរ ពិសេសគឺបង្ខិតសេវាឱ្យជិត បង្កលក្ខណៈងាយស្រួល ដល់ជនពិការគ្រប់ៗរូប ក្នុងពេលមកទទួលសេវា។

ឯកឧត្តម ប្រាក់ សុខយូរ បានថ្លែងបែបនេះក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់មូលនិធិជនពិការ និងផ្សព្វផ្សាយឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅគោលការណ៍ណែនាំស្តីពីការផ្តល់សេវាស្តារលទ្ធភាព ពលកម្មកាយសម្បទានៅតាមសហគមន៍ រៀបចំនៅទីស្តីការក្រសួង នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តមបន្តថា ការតាំងចិត្តដ៏មុតមាំរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមូលនិធិជនពិការ ជាមួយនឹងការរៀបចំផែនការយុទ្ធសាស្ត្រសកម្មភាពរបស់មូលនិធិជនពិការសម្រាប់ឆ្នាំ២០២៦ នេះ លោក ជឿជាក់ថា យើងនឹងអាចរួមគ្នាផ្តោតលើសូចនាករសំខាន់ៗដែលបានកំណត់ ក្នុងនោះរួមមាន៖

១-ផ្សព្វផ្សាយជំរុញការអនុវត្តអត្រាកំណត់នៃការជ្រើសរើសជនពិការចូលបម្រើការងារនៅតាមក្រសួង ស្ថាប័ន និងវិស័យឯកជន។
២-ផ្សព្វផ្សាយពីសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាតាមប្រព័ន្ធទំនាក់ទំនងសង្គម និងការចុះសហគមន៍ស្របតាមគោលការណ៍ណែនាំស្តីពីការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទានៅតាមសហគមន៍។
៣-ពិនិត្យតាមដានលើការអនុវត្តស្តង់ដានៃការស្តារលទ្ធភាពពលកម្មកាយសម្បទានៅតាមមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា។
៤-បង្កើនគុណភាព និងធ្វើទំនើបកម្មឧបករណ៍សិប្បនិម្មិត រណប និងឧបករណ៍ជំនួយនានាប្រកប ដោយគុណភាពខ្ពស់ក្នុងកម្រិតស្តង់ដា ដើម្បីបំពេញតម្រូវការរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា។
៥-ផ្តល់ការគាំទ្រនិងសម្របសម្រួលដល់ជនមានពិការភាពលើការអប់រំ មុខជំនាញ និងមុខរបរ។
៦-បន្តរៀបចំកែលម្អហេដ្ឋាចនាសម្ព័ន្ធរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ឱ្យមានសោភណ្ឌភាពល្អប្រសើរ ដើម្បីសម្រួលដល់ការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទានៅតាមមជ្ឈមណ្ឌលស្តារឱ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាព។
៧-បន្តកិច្ចសហការនិងស្វែងរកការគាំទ្រពីក្រសួង ស្ថាប័ន អង្គការដៃគូជាតិ អន្តរជាតិ ដើម្បីលើកកម្ពស់ការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងបម្រើដល់សុខុមាលភាពក្នុងការរស់នៅរបស់ជនមានពិការភាពឱ្យកាន់តែល្អប្រសើរ។
៨-ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយរអង្គការដៃគូ ភាគីពាក់ព័ន្ធនានា និងផ្នែកឯកជន ធ្វើការសិក្សានិងលើកគម្រោងវិនិយោគផ្សេងៗ តាមរយៈការធ្វើអាជីវកម្មស្របច្បាប់ ដើម្បីកៀរគររកប្រភពធនធានថវិកាសម្រាប់គាំទ្រដល់វិស័យពិការភាព។

ក្នុង​ឱកាសនោះដែរ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា តាមរយៈអង្គសន្និបាតរយៈពេលមួយថ្ងៃកន្លះនេះ យើងនឹងកំណត់បាននូវបញ្ហាប្រឈមបន្ថែមទៀត ដែលមូលនិធិជនពិការបានជួបប្រទះក្នុងអំឡុងពេលអនុវត្តរយៈពេល ១ឆ្នាំ មកនេះព្រមទាំងទទួលបាននូវធាតុចូល និងទស្សនៈល្អៗ សម្រាប់ដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងទៅថ្ងៃអនាគត៕