សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នាំយកអំណោយមនុស្សធម៌ ចុះចែកជូនគ្រួសារក្រីក្រចាស់ជរាទុរគតជន ៣៥៧គ្រួសារ នៅស្រុកម៉ាឡៃ


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់គ្រួសារក្រីក្រ ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា និងគ្រួសារចាស់ជរាទុរគតជន ចំនួន ៣៥៧គ្រួសារ នៅស្រុកម៉ាឡៃ។

ពិធីនេះក៏មានការអញ្ជើញចូលរួមលោកស្រី នួម សុភ័ណ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាស្រុក អ្នកស្ម័គ្រចិត្តភូមិ យុវជន នៅអគារបច្ចេកទេសក្នុងបរិវេណវិទ្យាល័យម៉ាឡៃ ស្រុកម៉ាឡៃ ។

ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទ មុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលសម្តេច និងលោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច។

ឯកឧត្តមបានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាកាកបាទក្រហមកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ក្នុងការជួយដោះស្រាយនូវទុក្ខលំបាករបស់បងប្អូនពលរដ្ឋ ដោយមិនឱ្យពលរដ្ឋណាម្នាក់រងទុក្ខដោយអត់អាហារនោះទេ ពោលគឺកាកបាទក្រហមកម្ពុជាតែងតែជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនជានិច្ច។

សូមបញ្ជាក់ថា គ្រួសារក្រីក្រ ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា និងគ្រួសារចាស់ជរាទុរគតជនទាំង ៣៥៧គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ ១យួរ និងថវិកាមួយចំនួនផងដែរ៕