អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរអប់រំ ត្រូវយកចិត្តទុកដាក់លើហេដ្ឋារចនាសម្ព័ន្ធកីឡា ឱ្យមានច្រើនប្រភេទទៅតាមតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់សាលា


លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ ខេត្តប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្តប៉ៃលិន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យកីឡាគ្រប់ប្រភេទ ដែលធ្វើវិស័យកីឡានៅទូទាំងប្រទេស មានការរីកចម្រើនយ៉ាងខ្លាំង ព្រមទាំងបានទទួលជ័យលាភី ជាបន្តបន្ទាប់លើឆាកអន្តរជាតិ ហើយសមិទ្ធផលទាំងអស់នេះ គឺកើតចេញពីថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា និងក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលមិនអាចកាត់ថ្លៃបាន។

លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងសប្បុរសជន ដែលបានចូលរួមនិងឧបត្ថម្ភគាំទ្រ ក្នុងការលើកស្ទួយវិស័យ កីឡាក្នុងខេត្តរបស់យើង ឱ្យមានការរីកចម្រើន ជាពិសេសបានផ្តល់ឱកាស ដល់សិស្សានុសិស្សបានបង្ហាញនូវសមត្ថភាពដែលបង្កើននូវបទពិសោធន៍ ដើម្បីអភិវឌ្ឍន៍ខ្លួន ឱ្យក្លាយជាកីឡាករដ៏ល្អ សម្រាប់ឆ្ពោះទៅការប្រកួតថ្នាក់ជាតិ។

ក្នុងនោះផងដែរ លោកជំទាវបានជំរុញដល់មន្ទីរអប់រំ ត្រូវយកចិត្តទុកដាក់ទៅលើហេដ្ឋារចនាសម្ព័ន្ធកីឡា ឱ្យមានច្រើនប្រភេទទៅតាមតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់សាលា (បើទីលានមានស្រាប់ត្រូវថែរក្សា ជួសជុល និងកែលម្អ) ត្រូវបណ្តុះបណ្តាលធន ធាន មនុស្ស (កីឡាករ) ឱ្យចេះស្រលាញ់ចូលចិត្តលេងកីឡា ស្របទៅនឹងយុទ្ធសាស្ត្រ កំណែទម្រង់លើផ្នែកអប់រំកាយ និងកីឡា ដោយយុវជនម្នាក់ត្រូវមានជំនាញកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត។

លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានផ្តាំផ្ញើដល់ប្អូនៗក្មួយៗ ក្រុមកីឡាករទាំងអស់ ត្រូវខិតខំប្រកួត តាមលក្ខណៈបច្ចេកទេស និងត្រូវមានសាមគ្គីភាពយោគយល់អធ្យាស្រ័យគ្នា ទៅវិញទៅមក ព្រោះថាការប្រកួតតែងតែមានចាញ់ និងឈ្នះ ហើយជៀសមិនផុតពីការប៉ះពាល់គ្នាបន្តិចបន្តូចមិនខានឡើយ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដោយនាំគ្នាលេងកីឡាដើម្បីសុខភាព នឹងក្លាយខ្លួនជាទំពាំងស្នងឫស្សីសម្រាប់ ប្រទេសជាតិនាពេលអនាគត។

បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រកួតមានរយៈពេល១០ថ្ងៃ (ចាប់ពីថ្ងៃទី២១ ដល់ ៣០ ខែមីនាឆ្នាំ២០២៦) ដោយមានសាលាចូលរួមប្រកួតចំនួន ២៧សាលា កីឡាករសរុប ៩១២ នាក់, កីឡាការី ៤៤៦ នាក់, ក្នុងនោះមាន៖ សាលាបឋមសិក្សាចូលរួមប្រកួតចំនួន ១៧ សាលា កីឡាករ សរុប ៤៨០នាក់ ស្រី១៩៤ នាក់ និងសាលាមធ្យមសិក្សាចូលរួមប្រកួតចំនួន១០សាលា កីឡាករសរុប ៤៣២នាក់ ស្រី២៥២ នាក់។

ក្រោយពីបញ្ចប់ការប្រកួត លទ្ធផលគឺ១៖ វិញ្ញាសាបាល់បោះនារីផ្នែកមធ្យមសិក្សា ចំណាត់ថ្នាក់លេខ១ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន, ចំណាត់ថ្នាក់លេខ២ វិទ្យាល័យហ៊ុន សែន សាលាក្រៅ, និងចំណាត់ថ្នាក់លេខ៣ អនុវិទ្យាល័យ បយ៉ាខា។ វិញ្ញាសាបាល់បោះផ្នែកយុវជនចំណាត់ថ្នាក់លេខ១ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន, ចំណាត់ថ្នាក់លេខ២ វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ, ចំណាត់ថ្នាក់លេខ៣ វិទ្យាល័យ ពន្លឺប៉ៃលិន។

២៖ វិញ្ញាសាបាល់ទះ ផ្នែកនារីមធ្យមសិក្សាចំណាត់ថ្នាក់លេខ១ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន, ចំណាត់ថ្នាក់លេខ២ វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ, ចំណាត់ថ្នាក់លេខ៣ វិទ្យាល័យ សន្តិភាព។ ៣៖ ផ្នែកមធ្យមសិក្សា ចំពោះផ្នែកនារីលើវិញ្ញាសារ បាល់ទាត់ ចំណាត់ថ្នាក់លេខ១ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន, ចំណាត់ថ្នាក់លេខ២ អនុវិទ្យាល័យ ភ្នំកុយ, ចំណាត់ថ្នាក់លេខ៣ អនុវិទ្យាល័យ ភ្នំយ៉ាត។

ចំពោះផ្នែកវិញ្ញាសារបាល់ទាត់ផ្នែកយុវជន ចំណាត់ថ្នាក់លេខ១ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន, ចំណាត់ថ្នាក់លេខ២ វិទ្យាល័យ មរតក ប៊ុន សុថា ផ្សារព្រំ, ចំណាត់ថ្នាក់លេខ៣ វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ៕