ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon ប្រទេសកូរ៉េខាងត្បូង មានបំណងជំរុញសហគ្រិនមកឈ្វេងយល់ពីទីផ្សារកម្ពុជា និងពង្រីកសកម្មភាពវិនិយោគនៅក្នុងវិស័យដែលមានសក្តានុពល


លោក Joo Bong Park ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon (ICCI) បានបង្ហាញពីបំណងក្នុងការជំរុញឱ្យសហគ្រិនមកពីក្រុង Incheon មកសិក្សាស្វែងយល់អំពីទីផ្សារកម្ពុជា និងពង្រីកសកម្មភាពវិនិយោគនៅក្នុងវិស័យដែលមានសក្តានុពល។

បំណងនេះបានបង្ហាញនារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាស ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា អញ្ជើញដឹកនាំសហការី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចដែលដឹកនាំដោយលោក Joo Bong Park ក្នុងគោលបំណងបង្ហាញបន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងបើកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការនៅពេលអនាគត។

បើតាមការផ្សព្វផ្សាយដោយគណៈកម្មាធិការវិនិយោគកម្ពុជា លោក Joo Bong Park បានសម្តែងការចាប់អារម្មណ៍ខ្ពស់ចំពោះកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងបានបញ្ជាក់ពីបំណងក្នុងការជំរុញឱ្យសហគ្រិនមកពីក្រុង Incheon មកសិក្សាស្វែងយល់អំពីទីផ្សារកម្ពុជា និងពង្រីកសកម្មភាពវិនិយោគនៅក្នុងវិស័យដែលមានសក្តានុពល។

លោកបានសង្កត់ធ្ងន់ថា វត្តមានផ្ទាល់របស់គណៈប្រតិភូនាពេលនេះ នឹងជួយបំភ្លឺនូវរាល់មន្ទិលសង្ស័យ និងព័ត៌មានមិនច្បាស់លាស់នានាដែលបានកើតឡើងកន្លងមក។ លើសពីនេះ លោកបានសន្យានឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយពីភាពរីកចម្រើន និងកិច្ចសម្របសម្រួលដ៏ប្រសើររបស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សាធារណជន និងវិស័យឯកជនកូរ៉េ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅ។

ទន្ទឹមនេះ សមាជិកគណៈប្រតិភូក៏បានលើកឡើងពីការកត់សម្គាល់ឃើញនូវការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ជាមួយនឹងការរក្សាបាននូវស្ថិរភាពនយោបាយ និងសុខសុវត្ថិភាពជូនដល់វិនិយោគិន។

ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូនៅកម្ពុជា។ ឯកឧត្តមបានសម្តែងការពេញចិត្តចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញរំហូរវិនិយោគពីសាធារណរដ្ឋកូរ៉េមកកាន់កម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយវិនិយោគដែលមានភាពអនុគ្រោះខ្ពស់, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, និងការពង្រឹងសុវត្ថិភាពសាធារណៈ។ ដោយឡែកពាក់ព័ន្ធនឹងការគាំទ្រដល់វិនិយោគិន ឯកឧត្តមបានលើកឡើងពីប្រសិទ្ធភាពនៃយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-កូរ៉េ ដែលជាវេទិកាដ៏មានសារៈសំខាន់ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានានូវភាពជោគជ័យ និងទំនុកចិត្តរបស់វិនិយោគិនក្នុងធុរកិច្ចនៅកម្ពុជា។

ឯកឧត្តមបានលើកទឹកចិត្តឱ្យ ICCI ពិនិត្យលទ្ធភាពជំរុញ និងផ្សព្វផ្សាយទៅកាន់បណ្តាសហគ្រាសដែលមានសក្តានុពលឱ្យមកវិនិយោគនៅកម្ពុជា ពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, ព្រោះស្ថិតក្នុងបរិការណ៍មិនប្រាកដប្រជានៃពិភពលោកនាពេលបច្ចុប្បន្ន ការធានាបាននូវស្ថិរភាពស្បៀង គឺជាកត្តាចាំបាច់បំផុត ហើយដែលវិស័យនេះជាវិស័យដែលមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគនៅកម្ពុជា។ មួយវិញទៀត វិនិយោគិនកូរ៉េ អាចពិចារណាវិនិយោគក្នុងការកែច្នៃកសិផលកម្ពុជា ធ្វើជាម្ហូបអាហារបែបកូរ៉េ និងវត្ថុអនុស្សាវរីយ៍បែបកូរ៉េ ដែលការណ៍នេះក៏នឹងជួយទាក់ទាញទេសចរកូរ៉េមកកម្ពុជាផងដែរ។ បន្ថែមលើនេះ លោកបានបន្តលើកទឹកចិត្តដល់វិនិយោគិនកូរ៉េ ពិចារណាបណ្តាក់ទុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស កម្ពុជា-កូរ៉េ សម្រាប់ទាក់ទាញកន្សោមឧស្សាហកម្មជាក់លាក់ណាមួយ៕